កងពលធំអន្តរាគមន៍លេខ៣និងសប្បុរសជនបរិច្ចាគថវិកាជាង១១៣លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ព្រះវិហារ៖ ថវិកាសប្បុរសធម៌ចំនួន១០០លានរៀល និងថវិកាបន្ថែមរបស់សប្បុរសជនចំនួនជាង១៣លានរៀល ត្រូវបានឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។
ការបរិច្ចាគពីកងយោធពលខេមរភូមិន្ទ និងសប្បុរសជននៃកងពលធំអន្តរាគមន៍លេខ៣គឺធ្វើឡើងក្នុងន័យមនុស្សធម៌និងដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពដល់កុមារកម្ពុជា ។

ថវិកាជាង១១៣លានរៀលនេះត្រូវបានបែងចែកទៅ មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០លានរៀល និងថវិកាសប្បុរសជនចំនួន៨.៧១៦.០០០រៀល។ចំណែកមន្ទីរពេទ្យកុមារអង្គរចំនួន ៥០លានរៀលនិងថវិកាសប្បុរសជនចំនួន៤.៧៦៦.០០០រៀល) ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា ថវិកាចំនួន ១១៣.៤៨២.០០០រៀល ដែលក្រុមការងារបរិច្ចាគជូនដល់មន្ទីរពេទ្យទាំងពីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយយករដ្ឋមន្រ្តីកម្ពុជា,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា។
មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្រី ឌឹក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងសប្បុរសជនចំពោះទឹកចិត្តមនុស្សធម៌ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិ ៕





ដោយ៖សួន លីណា