លោកជំទាវ ចម និម្មល ៖ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ៥០ពាន់លានដុល្លារអាមេរិក

(ភ្នំពេញ)៖ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល លើកឡើងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សំរាប់ឆ្នាំ២០២៤នេះ សម្រេចបានជាង៥០ពាន់លានដុល្លារអាមេរិក នៅក្នុងកំណើន១៥,៩៥ ភាគរយ ក្នុងនោះការនាំចេញសម្រេច ២៤ពាន់លានដុល្លារ អាមេរិក ដែលកើនឡើង១៤,៣៦ភាគរយ។ ទំនិញនាំចេញសំខាន់ៗ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមានសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំ សំបកកង់រថយន្ត ទោចក្រយាន្ត ដំឡូងមី ស្វាយន្ទីរ អង្ករ និងជ័រកៅស៊ូជាដើម ។

លោកជំទាវ រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនរួមមាន សហរដ្ឋអាមេរិក អាស៊ាន សហភាពអ៊ឺរ៉ុប ចិន ជប៉ុន កានណាដា ចក្រភពអង្គគ្លេស និងសារធារណៈកូរ៉េជាដើម។

ប្រសាសន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅព្រឹកថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៥ ដែលពិធីនេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ទី២០ ខែធ្នូ ឆ្នាំ២០២៤។ អង្គសន្និបាតនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយមានវត្តមានចូលរួមពី ដឹកនាំក្រសួងពាណិជ្ជកម្ម អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានា តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner