មន្ត្រីក្រសួងជំរុញឱ្យដស្រាយវិវាទ និងការចុះបញ្ជីក្បាលដី​ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ​ឱ្យបាន​រួចរាល់នៅពាក់​កណ្ដាល​ឆ្នាំក្រោយ

បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្មសំណង់​និងសុរីយោដី​ខេត្តបន្ទាយ​មានជ័យ​កាលពីរសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទេព ធន រដ្ឋលេ​ខា​ធិ​ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញមន្ត្រី​ជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តដោះស្រាយវិវាទ និងការ​ចុះបញ្ជី​ក្បាលដី​ឱ្យអស់ជូនប្រជាពលរដ្ឋ ។

នាពិធីដែលប្រារព្ធនៅសាលាខេត្ត ឯកឧត្តម ទេព ធន បានកោត​សរសើរ​លទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លី របស់មន្ត្រី និងក្រុមការងារ សំណង់​និងសុរីយោដី​ខេត្តបន្ទាយមានជ័យ តែឯកឧត្តមបានជំរុញ​បន្ថែមថា ដូច្នេះត្រូវខិតខំបន្តការងារ​នេះដោយសហការជាមួយ អាជ្ញាធរមូល​ដ្ឋាន​​​ធ្វើការដោះស្រាយបញ្ហាវិវាទ ជាមួយការចុះបញ្ជី​ក្បាលដីដែលកំពុងអនុវត្តចំនួន ២០ម៉ឺនក្បាលដីឱ្យបានរួចរាល់​នៅពាក់​កណ្ដាលឆ្នាំ២០២៥ខាងមុខ។ សម្រេចបានដូចនេះ​ជាការឆ្លើយតប​ទៅនឹងអនុ​សាសន៍​របស់សម្ដេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត ហើយ​ក្រសួងបានយកមកអនុវត្តដោយបានដាក់ចេញ​ជាទិសដៅ​ក្នុង​ការ​ជំរុញបញ្ចប់វិវាទ ​ក៏ដូចជាការចុះបញ្ជី​ដីធ្លី​ដើម្បីផ្ដល់បណ្ណកម្មសិទ្ធ​ជូនប្រជាពលរដ្ឋជាម្ចាស់ដី ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បញ្ហាដីធ្លី នៅខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​ជាវិវាទបុគ្គលនិងបុគ្គល ពុំមាន​ចរិត​នយោបាយនោះទេ។តាមរយៈពិធីនេះលោកក៏បានក្រើនរំលឹកទៅ​ប្រជាពលរដ្ឋថា​បើ​មានករណីទំនាស់ដីធ្លី ត្រូវមាន​ជំនឿជាក់ហើយទំនាក់​ទំនងមកអាជ្ញាធរមូលដ្ឋាន ជាមួយមន្តី្រសំណង់ និងសុរិយោដីខេត្ត ងាយសម្រួលដោះស្រាយដោយ​ប្រព័ន្ធច្បាប់ហើយបន្តទៅចុះ​បញ្ជីក្បាលដី។ផ្ទុយមកវិញបើបងប្អូនពឹងពាក់បុគ្គល ខ្លះមិនល្អ​បង្វែវិវាទដីធ្លីទាញចូលចរិត​នយោបាយ នាំឱ្យខាតបង់ពេលវេលា ការងារ ថវិការួមទាំងមិនងាយដោះស្រាយថែមទៀត​ផង។

សូមជម្រាបថា លោក មាស ដារា ត្រូវបានតែងតាំងជាប្រធាន​មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ចនៅក្រសួង៕

 ដោយ៖ គៀន ច័ន្ទហ៊ីន
ads banner