នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍មួយចំនួនសម្រាប់និពន្ធនាយកសារព័ត៌មាន ក្នុងឱកាសនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១

(ភ្នំពេញ)៖ យោងតាមសារលិខិតជូនពរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់លោក លោកស្រី និពន្ធនាយកសារព័ត៌មាន បន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ ៖

១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។

២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។

៣. ផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព។

៤. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។

៥. ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាព សារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាង ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ។

៦. ជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។

៧. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។

៨. បណ្តុះបណ្តាលសមត្ថភាពជំនាញដល់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីលើក កម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner