Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

បរទេស៖ ក្រុមហ៊ុនផលិតឡានដ៏ធំ របស់ប្រទេសអាល្លឺម៉ង់ Volkswagen នឹងកាត់បន្ថយការងារបុគ្គលិក ចំនួន ៣៥,០០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០៣០។

តំណាងក្រុមហ៊ុនផលិតរថយន្ត Volkswagen បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារប្រហែល ៣៥,០០០កន្លែង នៅក្នុងប្រទេសអាឡឺម៉ង់ នៅឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើង ជាមួយសហជីព។ ផែនការនេះមានគោលបំណងសន្សំប្រាក់ ពីការចំណាយរបស់ក្រុមហ៊ុន ចំនួន៤ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.២ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

លោក Thomas Schaefer នាយកប្រតិបត្តិ នៃក្រុមហ៊ុនរថយន្តយក្ស Volkswagen ដែលរងគ្រោះដោយវិបត្តិនៅប្រទេសអាល្លឺម៉ង់ មានប្រសាសន៍ថា សហជីព IG Metall និងក្រុមហ៊ុនផលិតរថយន្តរបស់លោក បានឈានដល់ «កិច្ចព្រមព្រៀងដ៏ល្អ» បន្ទាប់ពីមានការចរចា រយៈពេល៥ថ្ងៃ។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងផែនការសន្សំប្រាក់ ច្រើនពាន់លានអឺរ៉ូ ដែលបង្ហាញពីការបាត់បង់ការងារ នាពេលអនាគត ប៉ុន្តែ រារាំងការបិទរោងចក្រសំខាន់ៗ ភ្លាមៗ។

ក្រុមហ៊ុន Volkswagen បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ជាមួយនឹងកញ្ចប់នៃវិធានការដែលបានព្រមព្រៀងគ្នា ក្រុមហ៊ុនបានកំណត់ផ្លូវសម្រេចចិត្តសម្រាប់អនាគតរបស់ខ្លួន ទាក់ទងនឹងការចំណាយ, សមត្ថភាព និងរចនាសម្ព័ន្ធ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner