ធ្លាក់យន្តហោះប្រេស៊ីលនៅតំបន់ពាណិជ្ជកម្មស្លាប់ទាំងអស់

បរទេស៖ អាជ្ញាធរការពារស៊ីវិលនៃប្រទេសប្រេស៊ីល បាននិយាយថា សមាជិក១០នាក់ នៃគ្រួសារមួយបានស្លាប់ទាំងអស់ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្តហោះខ្នាតតូចរបស់ពួកគេ បានធ្លាក់ចូលទៅលើសង្កាត់ពាណិជ្ជកម្មមួយ ស្ថិតក្នុងទីក្រុង Gramado ភាគខាងត្បូង ប្រទេស។

ប៉ូលិសបានរៀបរាប់ថា យន្តហោះប្រភេទ Piper Cheyenne 400 turboprop ត្រូវបញ្ជាឲ្យហោះហើរដោយពាណិជ្ជករម្នាក់ ឈ្មោះ Luiz Claudio Salgueiro Galeazzi ហើយអ្នកដំណើរទាំងអស់គឺជាសមាជិកគ្រួសាររបស់លោក។

លេខាធិការដ្ឋានសន្តិសុខរដ្ឋ Rio Grande do Sul បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុង Canela ក្បែរនោះ ដោយដំបូងឡើយ បានហោះទៅបុកបំពង់ផ្សែង របស់អគារមួយ។ បន្ទាប់មក បន្តបុកផ្ទះ មុនពេលធ្លាក់ ទៅលើហាងលក់គ្រឿងសង្ហារឹម ហើយផ្ទះសំណាក់មួយផ្សេងទៀត ក៏ខូចខាតដែរ។

ប៉ូលីសបន្ថែមថា ក្រៅពីស្លាប់មនុស្សទាំងអស់លើយន្តហោះ ក៏មានមនុស្ស ជិត២០នាក់ផ្សេងទៀត នៅលើដី ក៏បានរងរបួសដែរ ដោយក្នុងនោះ ពីរនាក់ របួសធ្ងន់ធ្ងរ។ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា Gramado គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ក្នុងប្រទេសប្រេស៊ីល ជាមួយនឹងការហូរចូល នៃអ្នកទស្សនា យ៉ាងច្រើនក្នុងរដូវបុណ្យណូអែល។ កាលពីខែសីហា ឆ្នាំមុន ប្រទេសប្រេស៊ីលបានទទួលរងសោកនាដកម្មផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ខ្លួន មិនធ្លាប់មាន ក្នុងរយៈពេល ១៧ ឆ្នាំ។ នៅពេលនោះ មានការធ្លាក់យន្តហោះម៉ាស៊ីនភ្លោះ នៅក្នុងរដ្ឋ Sao Paulo ស្លាប់មនុស្សទាំង៦២នាក់ ជិះលើយន្តហោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner