រដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដល់មន្រ្តីរបស់ខ្លួន
រតនគិរី៖រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំងប្រាំបួន ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមានលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី។លោកអភិបាលរងបានប្រាប់កិច្ចប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយជំរុញល្បឿនកាត់បន្ថយភាពក្រីក្រឱ្យបាន ឆាប់រហ័ស និងឈានទៅការលុបបំបាត់ភាពក្រីក្រជាពិសេសនៅតាមតំបន់ជនបទដែលមានភាពក្រីក្រកម្រិតខ្ពស់ ។
កិច្ចប្រជុំនេះក្នុងគោលដៅបញ្ជ្រាបទៅដល់មូលដ្ឋានភូមិ ឃុំអំពីដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិង គ្រួសាររងហានិភ័យប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អ និងមានភាពសុក្រឹត្យ។សំដៅទៅដល់ថ្នាក់ភូមិ កិច្ចប្រជុំបានណែនាំថា មេភូមិសូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ឬប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានាឱ្យការអនុវត្តត្រឹមត្រូវតាមនីតិវិធី៕
ដោយ៖ គតិ យុត្ត