អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករ ដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ
(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់និងមានវិធានការចំពោះអាជីវករមួយចំនួនដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវព្រែកបារាំង ក្រោយវត្តនិរោធ នៅព្រំប្រទល់សង្កាត់និរោធ ,សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែក ប្រា ខណ្ឌច្បារអំពៅ ឲ្យបញ្ឈប់ នូវការលក់ដូរទាំងឡាយនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ។
លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិត ជូនដំណឹងលេខ ៥៣៧/២៤ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។
បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ តែក៏នៅមាន អាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពាន ដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។
ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាម អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ ដល់អាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានគ្រប់ប្រភេទធ្វើចរាចរ និង សម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕
ដោយ ៖ វណ្ណលុក






