នាយករដ្ឋមន្ត្រី ប្រកាសថា ស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបប្រកាសថា ស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រ ដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅ រយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រ វិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំងជំនាញទូទាំងប្រទេស បានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើង បានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោស យ៉ាងតឹងរឹង និងហ្មត់ចត់ ហើយស្ថាប័នអនុវត្តច្បាប់ នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង ដោយមិនបន្ធូរដៃឡើយ ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្ថាប័នអនុវត្តច្បាប់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែលបានប្រព្រឹត្ត ដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន ៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ ផងដែរ ។ នេះសបញ្ជាក់ច្បាស់ អំពីការយកចិត្តទុកដាក់របស់ស្ថាប័នអនុវត្តច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណជន កុំយកគំរូតាមករណី ដែលបានកើតឡើងនេះ, ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងចំពោះសិស្ស និស្សិតជ័យលាភីទាំងអស់ ក៏ដូចជាសាធារណជន ថា រឿងស្រលាញ់ជាតិ, ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ ៖ ១/ ចរចារបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ ។
សម្ដេចបវរធិបតី បានបន្ថែមថា រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជន និងប្រជាជន ដូចនេះ ទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាល មិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើ គឺខិតខំចរចារបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារ បូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដ ក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ