រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកទឹកចិត្តដល់ អ្នកពាក់ព័ន្ធ សហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានា ទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ។
នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជាពិសេសការងារអភិរក្សធនធានជលផល ធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹក ជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ ។
ឯកឧត្តម ឌិត ទីណា បាន លើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ធានាឱ្យបាននូវសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត។
បើតាម ឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋបាលជលផលត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់ ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធីត្រូវយកចិត្តទុកដាក់ជំរុញការងារវារីវប្បកម្ម កៀរគរគម្រោង និងវិស័យឯកជន ចូលរួមវិនិយោគ ដោយសហការផ្តល់ជំនួយបច្ចេកទេស សំដៅដល់ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ការងារធាតុចូលជលផល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា។
ចំពោះការផ្តល់សេវាសាធារណៈ ឯកឧត្តមរដ្ឋមន្ដ្រី ជំរុញការធ្វើឌីជីថលូបនីយកម្ម ផ្ដល់សេវាកម្មដល់សាធារណជនតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ទាន់ពេលវេលា និងមានការគ្រប់គ្រងច្បាស់លាស់ ៕
ប្រភព ៖ ក្រសួងកសិកម្ម