មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ទប់ស្កាត់ការ ចរាចរគ្រឿងញៀនខុសច្បាប់
ស្ទឹងត្រែង៖គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញសាកសួរសុខទុក្ខនិងពិនិត្យការអនុវត្តសកម្មភាពប្រតិបត្តិការត្រីកោណមាស១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទាំងផ្លូវទឹក និងផ្លូវគោកតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ។

សូមជម្រាបថា ប្រតិបត្តិការត្រីកោណមាស១៥១១ សំដៅទប់ស្កាត់ចរាចណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសចូលមកប្រទេសទាំង៦តាមបណ្តោយដងទន្លេមេគង្គមានប្រទេសមីយ៉ានម៉ា ចិន ឡាវ ថៃ វៀតណាម និងកម្ពុជា ។

ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានបញ្ជាក់ថា ការងារប្រតិបត្តិការត្រីកោណមាស១៥១១ ក៏ជាផ្នែកមួយនៃគម្រោងសុវត្ថិភាពទន្លេមេគង្គ( SMGC) មានការគាំទ្រពីគម្រោងLOA របស់ថៃទាំងសម្ភារៈនិងបច្ចេកទេស ។

លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានអធិប្បាយថា ខេត្តស្ទឹងត្រែង ពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវមានភាពស្មុគស្មាញ ទាំងផ្លូវទឹក និងផ្លូវគោក ដែលអំណោយផលដល់ឧក្រិដ្ឋជនងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍នូវសារធាតុញៀនខុសច្បាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ចនៅតែអាចបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកអភិបាលរងបន្តថា ទោះជាមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែឧក្រិដ្ឋជននៅតែសម្លឹងមើលការធ្វេសប្រហែលរបស់សមត្ថកិច្ច ដើម្បីឆ្លៀតឱកាសបន្តសកម្មភាពរបស់ពួកគេ។

លោកអភិបាលរងខេត្តបានសំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាគម្រោង LOA ជួយបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាពក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងជួយជាសម្ភារៈបច្ចេកទេសនានាដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព ៕
ដោយ៖ដេង ម៉ាវិន


