ប្រព័ន្ធផ្សព្វផ្សាយ៖ រុស្ស៊ីនៅពីក្រោយការធ្លាក់យន្តហោះ Azerbaijan
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា យន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលបានធ្លាក់ នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ មានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នេះបើតាមការចេញផ្សាយរបស់ NHK។
បើតាមប្រភពរបស់កាសែតជប៉ុនមួយនេះ ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត បានទម្លាយព័ត៌មាននេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេថាបានដកស្រង់ប្រភព នៅប្រទេស Azerbaijan ។
យន្តហោះនេះបានចេញដំណើរពីរដ្ឋធានី Baku របស់ប្រទេស Azerbaijan ហើយប៉ុនប៉ងធ្វើដំណើរទៅតំបន់ Grozny ដែលមានទីតាំងស្ថិតនៅ Chechnya ភាគខាងត្បូងរុស្ស៊ី ដោយបានដឹកមនុស្សសរុប ៦៧ នាក់។ ប៉ុន្តែ យន្តហោះបានធ្លាក់ នៅជិតព្រលានយន្តហោះ ក្នុងទីក្រុង Aktau ភាគខាងលិច ប្រទេសកាហ្សាក់ស្ថាន។ អាជ្ញាធរនិយាយថា មនុស្ស៣៨នាក់ត្រូវបានសម្លាប់។
ប្រព័ន្ធផ្សព្វផ្សាយមួយនិយាយថា គ្រាប់ផ្លោងត្រូវបានបាញ់ចេញពីលើដី ទៅដែនអាកាសរបស់រុស្ស៊ី ហើយបានបុកយន្តហោះ នៅពេលដែលវាកំពុងហោះពីលើតំបន់ Grozny ។ កាំជ្រួចត្រូវបានគេរាយការណ៍ថា បានផ្ទុះនៅក្បែរនោះ។ ទីភ្នាក់ងារនេះបានបន្ថែមថា យន្តហោះបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីវាត្រូវបានហាមឃាត់ មិនឱ្យចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានរុស្ស៊ី។
សារព័ត៌មាន Azerbaijani បានដកស្រង់ប្រភព ពីរុស្ស៊ីថា កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ី ព្យាយាមបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ខណៈយន្តហោះ Azerbaijan មួយគ្រឿងនេះ កំពុងធ្វើដំណើរឆ្លងកាត់ Chechnya ។ ប្រភពបាននិយាយថា ប្រទេសរុស្ស៊ីមិនបានបិទដែនអាកាស ចំពោះយន្តហោះស៊ីវិល នៅពេលនោះទេ។
យ៉ាងណាមិញ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយផងដែរ អំពីការធ្លាក់យន្តហោះនេះ កាលពីថ្ងៃព្រហស្បតិ៍។ លោកបានអះអាងថា «វាគឺជារឿងខុសឆ្គង ក្នុងការបង្កើតសម្មតិកម្មមុននឹងក្រុមអ្នកស៊ើបអង្កេត បង្ហាញពីការសន្និដ្ឋានរបស់ខ្លួន»។
អាជ្ញាធររុស្ស៊ី កាលពីថ្ងៃពុធ បានចេញផ្សាយនូវអ្វីដែលពួកគេបានពិពណ៌នាថា ជាព័ត៌មានបឋម ដោយអះអាងថា យន្តហោះមួយគ្រឿងនេះបានបុកហ្វូងសត្វស្លាប មុនពេលធ្លាក់ នេះបើតាម NHK ដដែល៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត