សម្តេចតេជោ ហ៊ុន សែន រម្លឹកពី២៦ឆ្នាំមុន នៃបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន រម្លឹកពីកាល២៦ឆ្នាំមុនថា ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន , នួន ជា , អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕
ដោយ៖ពលជ័យ