ឆ្នាំ២០២៤នេះ សិស្សានសុសិស្សតាមសាលា ជ្រួតជ្រាបគុណតម្លៃអូឡាំពិកបានប្រសើរជាងឆ្នាំមុនៗ
(កំពង់ស្ពឺ)៖ ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ នៅថ្ងៃយុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ដែលជាថ្ងៃចុងក្រោយ នៃការបិទបញ្ចប់សម្រាប់តុទ្ធនាការ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៤ នៅអនុវិទ្យាល័យឆាយឆុប ស្ថិតនៅក្នុងក្រុងច្បារមន ខេត្ត កំពង់ស្ពឺថា នៅក្នុងឆ្នាំ២០២៤នេះ សិស្សានុសិស្សនៅតាមបណ្តាសាលាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត បានជ្រោជ្រាបយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃអូឡាំពិក ជាងបណ្តាលឆ្នាំមុន ពិសេស គឺការចូលរួមរបស់សិស្សក៏មានចំនួនច្រើនផងដែរ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកតាមសាលារៀនឆ្នាំ២០២៤នេះ បានបិទបញ្ចប់ត្រឹមអនុវិទ្យាល័យឆាយឆុប នាព្រឹកថ្ងៃទី២៩ ខែ ឆ្នាំ២០២៤នេះ។ សម្រាប់យុទ្ធនានាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកឆ្នាំ២០២៥ នៅតាមសាលារៀន នឹងបន្តផ្សព្វផ្សាយសកម្មភាពកីឡាផ្សេងៗជាច្រើនមានដូចជា៖សមភាពយេនឌើ និងកីឡាដើម្បីទាំងអស់គ្នា ។
លោក ម៉ែន សារីម ជាគ្រូអប់រំកាយ និងកីឡា ប្រចាំអនុវិទ្យាល័យ ឆាយឆុបបានថ្លែងលើកឡើដែរថា ការចុះផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិក អំពីគុណយម្លៃកីឡាមកសាលារៀនឆាយឆុបនាពេលនេះ ពិតជាល្អខ្លាំងណាស់ ដែលជាការរួមចំណែកបំផុសជំរុញឱ្យសិស្សកាន់តែចូលចិត្តកីឡាថែមទៀត ។
ក្នុងនាមលោក ជាគ្រូកីឡា ដែលទទួលបានការអប់រំផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ពីមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្តេជ្ញាចិត្តបំផុសដល់សិស្សឱ្យចូលរួមលេងកីឡាឱ្យកាន់តែច្រើន ដើម្បីឱ្យសិស្សបំភ្លេចឱ្យបាននូវហ្គេមតាមទូរស័ព្ទ ល្បែងស៊ីសង និងគ្រឿងញាន ដែលបំផ្លាញដល់អនាគត។
សិស្សប្រុស ឈ្មោះ កេន លីណា រៀនថ្នាក់ទី៨Aអនុវិទ្យាល័យឆាយឆុប បានលើកឡើងថា គុណតម្លៃអូឡាំពិកនេះ បានធ្វើឱ្យពួកគាត់យល់កាន់តែច្បាស់នៃសារៈប្រយោជន៍នៃការលេងកីឡា ហើយបានយល់កាន់តែច្បាស់អត្ថន័យកីឡា ព្រោះតាមរយៈបង្ហាញពីមន្រ្តីគណៈកម្មាធិការអូឡាំពិកកម្ពុជា អំពីប្រវត្តអូឡាំពិក បានបង្ហាញថា កីឡាបានផ្សារភ្ជាប់ទំនាក់ទំនង កីឡាបង្កើតបាននូវមិត្តភាព សាមគ្គីភាព ។
គួរបញ្ជាក់ថា កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានចាប់ផ្ដើមពីខែវិច្ឆិកា ដោយចេញពីសាលារៀនចំនួន៤នៅរាជធានីភ្នំពេញ បន្តទៅ២សាលារៀនទៀត ក្នុងខេត្តកែបនិងកំពត មុនបញ្ចប់សកម្មភាពនៅខេត្តកំពង់ស្ពឺ។ យុទ្ធនាការផ្សព្វផ្សាយនេះ ក្រៅពីបទបង្ហាញអំពីប្រវត្តកីឡាអូឡាំពិក ក៏បានអប់រំដល់សិស្សអំពីការលេងកីឡា និង សកម្មភាពចូលរួមគាំទ្រ និងហ្វឹកហាត់កីឡាឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះផងដែរ ៕
ដោយ ៖ ជាវ ចន្ធូ