អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរ និងគ្រប់កងកម្លាំងពង្រឹងការ​បង្ក្រាប​ទប់ស្កាត់នូវរាល់អំពើជួញដូរមនុស្ស

បាត់ដំបង៖ក្នុងពិធីអបអរសាទរនិងប្រារព្វនូវទិវាជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស១២ធ្នូ២០២៤ ដែលបានប្រារព្ធនៅ
សាលា​ខេត្ត​បាត់ដំបងនាចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរ និង​សមត្ថកិច្ចនៅ​តាមមូលដ្ឋាន ពិសេសនៅតាមច្រកទ្វារព្រំដែនគោក ទាំងច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារតំបន់ និងតាមច្រក​របៀងផ្សេងៗយក​ចិត្តទុកដាក់ទប់ស្កាត់នូវរាល់ទង្វើទុច្ចរិតរបស់ក្រុមសង្គមងងឹត និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីទម្រង់ និងគ្រប់រូបភាពនៃអំពើជួញដូរ និងរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្សឱ្យ​មានប្រសិទ្ធភាព។

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ២០២៤នេះ ធ្វើឡើង​ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញ​ដូរ​​មនុស្ស​គ្រប់ទម្រង់ និង គ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”។

តាមរយៈនៃសារលិខិតរបស់សម្តេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈខ្សែវីដេអូខ្លីៗបានឆ្លុះ​បញ្ចាំងពី​សកម្ម​ភាពនិងទង្វើជួញដូរ​មនុស្សរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែននិងមេខ្យល់ក្នុងស្រុកនិងតាមរយៈទំនាក់ទំនងតាមបច្ករកវិទ្យាប្រព័ន្ធអនឡាញជាដើម។ល។សារបានក្រើន​រំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ច​គ្រប់ប្រភេទត្រូវចូលទប់ស្កាត់ បង្រា្កប និងផ្សព្វផ្សាយដល់ប្រជា​ពលរដ្ឋពីវិធីបង្ការចំពោះសកម្មភាពជួញដូរ ។

លោកស្រី កែវ ដាណា អភិបាលរងខេត្តនិងជា អនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៤​គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្សខេត្តបាត់ដំបង បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់ ក្នុងការនាំឆ្លង​ដែនបានចំនួន៨​ករណី​និង​ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ សរុបចំនួន២៤នាក់ និងជួយសង្គ្រោះជនរងគ្រោះ ជាពលករខ្មែរបាន ៧៤នាក់។បានទប់ស្កាត់ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ បានចំនួន១៣លើក។បានបង្ក្រាប​នូវករណី រំលោភ​សេពសន្ថវៈ លើអនីតិជនចំនួន៩ករណីនិងមានជន​រងគ្រោះចំនួន​៩នាក់ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩នាក់ និងបញ្ជូនទៅកាន់​តុលាការ។ក្នុងនោះបានបង្ក្រាបនូវ​ករណីធ្វើអាជីវ​កម្មផ្លូវភេទ ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់​និងរំដោះស្ត្រី១០នាក់។

បានទទួល​ពាក្យបណ្ដឹងលើវិវាទការងាររួម ១ករណីសរុប៣៣នាក់និងវិវាទបុគ្គល​ចំនួន១៣​ករណី សរុប១៣នាក់ ស្មើនឹង១០សហគ្រាស។ ក៏បានដោះ​ស្រាយវិវាទការងារ រួមសះជានចំនួន២ករណី សរុប​៤៣នាក់។ វិវាទ​ការងារបុគ្គល​១៤ករណីក្នុងនោះ សះជា១២ករណី និងមោឃៈ១ករណី និងវិវាទការងារទេសន្តរប្រវេសន៍ ចំនួន១ករណី៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ads banner