លោក ហ្សេលេនស្គី ជំរុញចិនដាក់សម្ពាធកូរ៉េខាងជើងរឿងលូកដៃចូលសង្គ្រាមអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យចិនបញ្ចេញឥទ្ធិពលលើកូរ៉េខាងជើង ឆ្លើយតបនឹងការដាក់ពង្រាយទាហានកូរ៉េខាងជើងចូលរួមជាមួយកងទ័ពរុស្ស៊ី ធ្វើសង្គ្រាមនឹងអ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូថា ប្រជាជាតិកូរ៉េមិនគួរលះបង់អាយុជីវិតប្រជាជនរបស់ខ្លួននៅក្នុងសមរភូមិនៅអឺរ៉ុបទេ។ ប្រការនេះអាចជះឥទ្ធិពលអាក្រក់ដល់ប្រទេសជិតខាងរបស់កូរ៉េ ជាពិសេសចិន។

លោក ហ្សេលេនស្គី បន្តថា ប្រសិនបើចិនមានភាពស្មោះត្រង់នឹងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលថា សង្រ្គាមអ៊ុយក្រែនមិនគួរកើនឡើងនោះ ខ្លួនត្រូវតែដាក់សម្ពាធសមស្របណាមួយលើកូរ៉េខាងជើង។ ចិនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង។

លោក ហ្សេលេនស្គី បន្ថែមថា រុស្ស៊ីកំពុងប្រើប្រាស់កងទ័ពកូរ៉េខាងជើងជាចម្បង ក្នុងការប៉ុនប៉ងវាយដណ្តើមយកមកវិញនូវតំបន់ Kursk របស់រុស្ស៊ី ដែលត្រូវបានកាន់កាប់ដោយទាហានអ៊ុយក្រែនមួយផ្នែក។

កូរ៉េខាងជើង បើតាមសេចក្តីរាយការណ៍ បានបញ្ជូនទាហានរបស់ខ្លួនប្រមាណ ១០,០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រទីក្រុងមូស្គូប្រយុទ្ធនឹងទីក្រុងកៀវ។

បើតាមប្រធានាធិបតីអ៊ុយក្រែន ទាហានកូរ៉េខាងជើងជាង ៣,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួស ទោះបីជាការប៉ាន់ស្មាននេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ។

ហើយបើផ្អែកតាមការប៉ាន់ប្រមាណរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ទាហានកូរ៉េខាងជើងជាង ១,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងសប្តាហ៍កន្លង។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ក៏បានឲ្យដឹងទៀតថា ទាហានកូរ៉េខាងជើងមួយចំនួនបានជ្រើសរើសការសម្លាប់ខ្លួនឯង ដើម្បីជំនួសឲ្យការចុះចាញ់សត្រូវ។ ការសម្រេចចិត្តធ្វើបែបនេះ ទំនងជាពួកគេព្រួយបារម្ភថា គ្រួសាររបស់ពួកគេនៅកូរ៉េខាងជើងនឹងត្រូវទទួលទោស ប្រសិនបើពួកគេត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner