យន្តហោះកាណាដាផ្ទុកអ្នកដំណើរ៧៣នាក់ចុះចតជាបន្ទាន់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានចេញផ្សាយថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express ផ្ទុកអ្នកដំណើរ៧៣នាក់ ត្រូវបង្ខំចិត្តធ្វើការចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Halifax Stanfield International Airport ខណៈមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន បានទទួលស្គាល់ថា មានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ តែមិននិយាយពីការរងរបួស ឬស្លាប់មនុស្ស លើយន្តហោះទេ ដោយគ្រាន់តែបញ្ជាក់ថា «ចុះចតបន្ទាន់ ហើយមានភ្លើងឆេះចេញពីយន្ដហោះ» ។ ហេតុការណ៍នេះបានកើតឡើង ក្នុងថ្ងៃតែមួយនៃ ហេតុការណ៍ផ្ទុះយន្តហោះស្លាប់មនុស្ស១៧៩នាក់ នៅក្នុងប្រទេសកូរ៉េខាង នេះបើតាម CNN។

យន្ដហោះធុន De Havilland DHC-8-402 ដែលមានជើងហោះហើរ AC 2259 និងផលិតដោយកាណាដា បានហោះចេញពីទីក្រុង St John’s នៃខេត្ត Newfoundland មិនអាចហោះទៅដល់គោលដៅរបស់ខ្លួននោះទេ។ ជើងហោះហើរនេះត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Air Canada Express គឺក្រុមហ៊ុន PAL Airlines។

អ្នកនាំពាក្យអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ Halifax បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាកាសយានដ្ឋានត្រូវបានបិទប្រហែល ៩០នាទី មុនពេលផ្លូវរត់មួយ ក្នុងចំណោមផ្លូវរត់ពីររបស់ខ្លួន ត្រូវបានសម្អាត សម្រាប់ប្រតិបត្តិការហោះហើរ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner