មេដឹកនាំចិន និងរុស្ស៊ីផ្ញើសារអបអរឆ្នាំថ្មីទៅវិញទៅមក
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានផ្ញើសារអបអរឆ្នាំថ្មីជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន លោក Xi បានសម្តែងនូវការអបអរសាទរដោយស្មោះ និងជូនពរដល់លោក Putin និងប្រជាជនរុស្ស៊ី។ លោក Xi បាននិយាយថា ឆ្នាំ 2024 គឺជាខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូតចិន និងរុស្ស៊ី ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ លោក Xi បន្តថា ក្នុងដំណើរដ៏អស្ចារ្យក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន និងរុស្ស៊ីបានរីកចម្រើន ហើយកាន់តែមានភាពចាស់ទុំ និងស្ថិរភាព។
លោក Xi បន្ថែមថា ប្រឈមមុខនឹងការផ្លាស់ប្តូរដ៏លឿនដែលមើលមិនឃើញក្នុងរយៈពេលមួយសតវត្ស និងទិដ្ឋភាពអន្តរជាតិដែលប្រែប្រួល ប្រទេសចិន និងរុស្ស៊ីតែងតែដើរទៅមុខ ចាប់ដៃគ្នាតាមមាគ៌ាត្រឹមត្រូវ, ការមិនប្រឈមមុខគ្នា និងមិនផ្តោតលើភាគីទីបីណាមួយឡើយ។
ជាមួយគ្នានេះ លោក Xi ក៏បានបង្ហាញពីការត្រៀមខ្លួន ដើម្បីរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយលោក Putin និងរក្សាកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីឱ្យដើរលើផ្លូវត្រូវ សំដៅបន្តការពង្រឹង និងធ្វើឱ្យទំនាក់ទំនងចិន-រុស្ស៊ីកាន់តែស៊ីជម្រៅ ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ, ការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ចំណែកលោក Putin ក៏បានផ្ញើសារជូនពរអបអរឆ្នាំថ្មីជូនចំពោះលោក Xi និងប្រជាជនចិនវិញផងដែរ ឲ្យមានសុភមង្គល និងមានសុខភាពល្អ។ លោក Putin បានកត់សម្គាល់ថា នៅឆ្នាំ 2024 ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី 75 នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួបលើកទី 75 នៃទំនាក់ទំនងទ្វេភាគី។
ដោយរំលឹកឡើងវិញនូវកិច្ចប្រជុំជោគជ័យចំនួនបីជាមួយលោក Xi ក្នុងឆ្នាំ 2024 លោក Putin បាននិយាយថា ពួកលោកបានជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាងរុស្ស៊ី និងចិន សម្រាប់យុគសម័យថ្មីទៅកាន់កម្រិតខ្ពស់ថ្មី។
លោក Putin បន្ថែមថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរទៅលើវិស័យធំៗ មានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើនជាលំដាប់ ហើយភាពជោគជ័យនៃឆ្នាំវប្បធម៌រុស្ស៊ី-ចិន បានបង្កើតឱកាសបន្ថែមទៀតដើម្បីពង្រីកទំនាក់ទំនងប្រជាជន និងការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរ។
សម្លឹងឆ្ពោះទៅឆ្នាំ ២០២៥ លោក Putin បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Xi សំដៅរួមគ្នាជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ព្រមទាំងពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ, BRICS, SCO និង G20 ជាដើម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា