លោកពូទីនសាទរសមិទ្ធិផលនៅក្នុងសុន្ទរកថាឆ្នាំថ្មី អំឡុងការកាន់អំណាច២៥ឆ្នាំ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរសមិទ្ធិផលរបស់ប្រទេស អំឡុងសុន្ទរកថា នៅថ្ងៃចូលឆ្នាំសកល កាលពីថ្ងៃអង្គារ ដោយនិយាយថា ប្រជាជនរុស្ស៊ីគួរតែមាន «មោទនភាព» ចំពោះអ្វីដែលរុស្ស៊ីបានធ្វើ ក្នុងអំឡុងត្រីមាសទី៣ នៃមួយសតវត្ស ក្រោមការកាន់អំណាចរបស់លោក។
ដោយបានក្តោបអំណាច ២៥ឆ្នាំ ស្នងពីអ្នកកាន់តំណែងមុន Boris Yeltsin លោក ពូទីន មិនបាននិយាយអំពីជម្លោះជិតបីឆ្នាំ នៅអ៊ុយក្រែនទេ ហើយផ្តោតភាគច្រើន លើបំណងប្រាថ្នា សម្រាប់ឆ្នាំខាងមុខ។
លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «មិត្តភក្តិជាទីស្រឡាញ់ ក្នុងរយៈពេលតែប៉ុន្មាននាទីទៀត ឆ្នាំ ២០២៥ នឹងត្រូវបាននាំមក ដោយបញ្ចប់ត្រីមាសទីមួយ នៃសតវត្សទី ២១» ។
លោកបានបន្ថែមថា «យើងនៅមានការសម្រេចចិត្ត ជាច្រើនទៀត ប៉ុន្តែ យើងអាចមានមោទនភាព យ៉ាងត្រឹមត្រូវ ចំពោះអ្វីដែលបានធ្វើរួចហើយ» ដោយបានអះអាងថា ២៥ ឆ្នាំបានត្រួសត្រាយផ្លូវសម្រាប់ ការអភិវឌ្ឍន៍បន្ថែមទៀត។
លោក ពូទីន ក៏បានសរសើរទាហានរបស់រុស្ស៊ីផងដែរ ចាប់តាំងពីការវាយលុកផ្នែកយោធាពេញលេញរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន បាននិយាយថា «នៅថ្ងៃចូលឆ្នាំសកលនេះ គំនិត ក្តីសង្ឃឹមរបស់សាច់ញាតិ និងមិត្តភ័ក្តិ ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសរុស្ស៊ីបានរួមគ្នាជាមួយយុទ្ធជន និងមេបញ្ជាការរបស់យើង..ឥឡូវនេះ នៅលើកម្រិតនៃឆ្នាំថ្មី យើងកំពុងគិតអំពីអនាគត។ យើងប្រាកដថា អ្វីៗនឹងល្អទាំងអស់។ យើងនឹងឆ្ពោះទៅមុខតែប៉ុណ្ណោះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត