អ៊ីស្រាអែលគំរាមវាយប្រហារហ្គាហ្សា ទ្រង់ទ្រាយធំឡើងវិញ
បរទេស ៖ អ៊ីស្រាអែលបានព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ នៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ នៅតែបន្តបាញ់រ៉ុក្កែត ខណៈដែលភាគីប៉ាឡេស្ទីន បានរាយការណ៍ ពីការស្លាប់មនុស្សរាប់សិបនាក់ ដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល នៅថ្ងៃដំបូង នៃឆ្នាំថ្មី។
ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង Netivot ជាទីតាំងដែលត្រូវបានគេកំណត់គោលដៅ បាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាហ្សា លោក Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយថា «ខ្ញុំចង់ផ្ញើសារច្បាស់លាស់ ពីទីនេះ ទៅកាន់ប្រមុខភេរវករ នៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស មិនអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ពីហ្គាហ្សាឆាប់ៗ ហើយបន្តការបាញ់ប្រហារ លើសហគមន៍អ៊ីស្រាអែល នឹងមានការប្រឈមមុខ នៃការវាយលុកដ៏ខ្លាំង ដែលមិនធ្លាប់បានឃើញ នៅក្នុងតំបន់ហ្គាហ្សា អស់រយៈពេល ជាយូរមកហើយ»។
យ៉ាងណាមិញ ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តឆ្លងកាត់តំបន់ហ្គាហ្សា កាលពីថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សាប្រាប់ AFP។ ប្រភពបញ្ជាក់ថា «ពិភពលោកបានស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការប្រារព្ធពិធី និងពិធីបុណ្យ ខណៈដែលយើងបានឃើញឆ្នាំ២០២៥ ចាប់ផ្តើមជាមួយនឹងការសម្លាប់រង្គាលរបស់អ៊ីស្រាអែល លើកដំបូង នៅក្នុងទីក្រុង Jabalia បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត