អាជ្ញាធរកូរ៉េខាងត្បូងហាមនាយកប្រតិបត្តិក្រុមហ៊ុន Jeju Air ចាកចេញពីប្រទេស ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ
សេអ៊ូល ៖ ប៉ូលិសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air លោក Kim E-bae ជាប់បម្រាមហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់កាលពីសប្តាហ៍មុន ផ្តាច់ជីវិតអ្នកដំណើរចំនួន ១៧៩នាក់។
ប៉ូលិសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះនៅក្នុងទីក្រុង Muan បាននិយាយថា ក្រុមស៊ើបអង្កេតបានដាក់បម្រាមធ្វើដំណើរលើបុគ្គលពីរនាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air លោក Kim E-bae។
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងលើករណីគ្រោះថ្នាក់ឆេះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ បាននិយាយថ្មីៗនេះថា ពួកគេនឹងបញ្ជូនប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ធ្វើការវិភាគ។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងក្រុមអ្នកស៊ើបអង្កេតមកពីក្រុមហ៊ុន Boeing បានធ្វើកិច្ចសហប្រតិបត្តិការលើការស៊ើបអង្កេតនៅឯទីតាំងធ្លាក់យន្ដហោះ ចាប់តាំងពីថ្ងៃអាទិត្យមកម៉្លេះ។
យន្ដហោះធុន Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលមានផ្ទុកមនុស្ស ១៨១នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ឆ្ពោះទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយបានរអិល យ៉ាងលឿននៅពេលចុះចត ជ្រុលទៅបុកជញ្ជាំងនៅចុងបំផុតនៃផ្លូវរត់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បណ្ដោលឱ្យផ្ទុះឆេះសម្លាប់មនុស្ស ១៧៩នាក់ និង ២នាក់នៅមានជីវិត។ យោងតាមព័ត៌មានបឋម មូលហេតុនៅពីក្រោយសោកនាដកម្មនេះ គឺបណ្ដាលមកពីសត្វបក្សីហោះបុកចូលម៉ាស៊ីនយន្ដហោះ ឬអាចមកពីកត្តាអាកាសធាតុអាក្រក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




