វៀតណាម៖ ខ្សែរថភ្លើងក្រោមដីហូជីមិញដំបូង មានអ្នកជិះ១.៤លាននាក់ ក្នុងរយៈពេល១១ថ្ងៃ

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ខ្សែរថភ្លើងក្រោមដី រវាងតំបន់ Ben Thanh និង Suoi Tien ដែលជាខ្សែរថភ្លើងដំបូងគេ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានស្វាគមន៍អ្នកដំណើរចំនួន ១.៤ លាននាក់ ក្នុងរយៈពេល ១១ថ្ងៃដំបូង នៃប្រតិបត្តិការរបស់ខ្លួន ដែលកើនឡើង លើសពីការរំពឹងទុក កាលពីមុន ដល់ទៅ ៣៣២% ។

នៅថ្ងៃបុណ្យចូលឆ្នាំថ្មី តែមួយ ខ្សែរថភ្លើងនេះ បានបម្រើអ្នកដំណើរចំនួន ២៧ម៉ឺន៥ពាន់នាក់ នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រង HURC1។ ចាប់តាំងពីដាក់ឲ្យជិះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤មក ខ្សែរថភ្លើងក្រោមដីមួយនេះ បានដំណើរការ ការជិះរថភ្លើង ចំនួន ២,២២៩ដង ឬ ជាមធ្យម ២០០ជើង នៅក្នុងមួយថ្ងៃ។ អ្នកដំណើរ បច្ចុប្បន្ន រីករាយនឹងសេវាកម្ម ឥតគិតថ្លៃ ដោយមិនចាំបាច់មានសំបុត្រ។

រថភ្លើងក្រោមដី ដំណើរការពីម៉ោង៥ព្រឹក ដល់ម៉ោង ១០យប់ ជាមួយនឹងរថភ្លើងរត់ រៀងរាល់ ៨ ទៅ ១២ នាទីម្តង។ កាលវិភាគសេវាកម្មត្រូវបានកែសម្រួល នៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីបំពេញតម្រូវការកើនឡើង។

រយៈពេលជិះ ដោយឥតគិតថ្លៃនឹងបន្តមាន រហូតដល់ថ្ងៃទី ២០ ខែមករា បន្ទាប់ពីនោះ សេវាកម្មលក់សំបុត្រ នឹងចាប់ផ្តើម។ តម្លៃសំបុត្រត្រូវបានកំណត់ ចន្លោះពី ២៧ ទៅ ៧៩ សេនដុល្លារសហរដ្ឋអាមេរិក ក្នុងពេលជិះម្តង ហើយក៏មានលក់សំបុត្រជិះ ប្រចាំខែ ផងដែរ។ តែ មានការបញ្ចុះតម្លៃ សម្រាប់សិស្សានុសិស្ស ចំណែកអ្នកដំណើរ ដែលមានវ័យចំណាស់ និងពិការ នឹងមានសិទ្ធិទទួលបានការធ្វើដំណើរ ដោយឥតគិតថ្លៃ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner