ទិដ្ឋភាពមនុស្សកុះករនៅសួនមាត់ស្ទឹងសែន អបអរសាទរបុណ្យចូលឆ្នាំសកល ២០២៥
(ខេត្តកំពង់ធំ)៖ កាលពីយប់ទី៣១ ខែធ្នូ ឆ្នាំ២០២៤, ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកលេងកម្សាន្ត និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំសកល ២០២៥ នៅសួនមាត់ស្ទឹងសែន។ ពិធីនេះបានទាក់ទាញមនុស្សជាច្រើន, ដោយចាប់ផ្តើមពីម៉ោង ៧:៣០ យប់ រហូតដល់ម៉ោង ១២:០០ យប់ក្នុងអំឡុងពេលរាប់ថយក្រោយ (Countdown) ទៅឆ្នាំថ្មី។
ពិធីបុណ្យនេះប្រារព្ធឡើងក្រោមធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមដោយមន្ត្រីរាជការ លោកជំទាវអភិបាលរង និងប្រជាពលរដ្ឋយ៉ាងច្រើន។ ពិសេសក្នុងឆ្នាំនេះមានការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងចំនួនកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់បណ្តាលមកពីការរៀបចំយ៉ាងល្អឥតខ្ចោះ។ កម្មវិធីអបអរសាទររួមមាន៖ ការប្រគុំតន្ត្រី រាំកំសាន្ត បាញ់កាំជ្រួច សម្តែងក្បាច់គុនល្បុក្កតោ ទស្សនីយភាពស្រស់ស្អាតនានា ដែលបង្កើតអារម្មណ៍សប្បាយរីករាយ ។
រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន បានធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋ និងសាធារណជនបានលេងកម្សាន្តដោយមិនមានក្តីបារម្ភ។ កម្មវិធីរាប់ថយក្រោយ (Countdown) បានស្ថិតក្នុងផ្ទៃបរិយាកាសសោភ័ណ ដែលជាគោលដៅធំមួយសម្រាប់ការចូលរួមអបអរសាទររបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ ៕
ដោយ ៖ ប៊ុនរដ្ឋា





