ដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងផុតកំណត់ថ្ងៃនេះ
បរទេស៖ ក្រុមស៊ើបអង្កេត នៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងពន្យាពេលដីកា ចាប់ខ្លួន ប្រធានាធិបតី ដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ដោយគេដឹងថា ដីកាចាប់ខ្លួននឹងត្រូវផុតកំណត់ នៅយប់ថ្ងៃចន្ទនេះ។
លោក Lee Jae-seung អនុប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយ បាននិយាយថា «សុពលភាពនៃដីកានេះ ផុតកំណត់ នៅថ្ងៃនេះ។ យើងមានគម្រោងស្នើសុំការបន្តពីតុលាការ ដែលទាមទារឱ្យបញ្ជាក់ពីហេតុផល សម្រាប់ការលើសពីស្តង់ដារ រយៈពេល៧ថ្ងៃ» នេះបើតាមសេចក្តីថ្លែងការណ៍ ផ្ញើទៅកាន់អ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា លោក Yoon បានធ្វើឲ្យប្រទេស ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ កាលពីខែមុន ជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក ។ ចាប់តាំងពីពេលនោះមក លោកបានស្ថិតនៅក្នុងផ្ទះប្រធានាធិបតី ដែលហ៊ុព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់ រាប់រយនាក់ ទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង ចាប់ខ្លួនរូបលោក។ លោកYoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែលជាឧក្រិដ្ឋកម្មមួយ ក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលមិនមានអភ័យឯកសិទ្ធិប្រធានាធិបតី មានន័យថា លោកអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ឬ ក៏អាចប្រឈមនឹងទោសប្រហារជីវិត។
កាលពីចុងសប្តាហ៍ មនុស្សរាប់ម៉ឺននាក់បានចេញក្រៅជំនះនឹងព្យុះព្រិលធ្វើបាតុកម្ម មានទាំងក្រុមទាមទារឲ្យចាប់ខ្លួនរូបលោក និង ក្រុមដែលគាំទ្រលោក Yoon ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត