មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វរបស់កងទ័ព នៅកងវរសេនាតូចលេខ១

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសហការីនៃក្រុមការងារប្រឡង ប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥​បានអញ្ជើញ​ពិនិត្យ​សកម្ម​ភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើក របស់កងទ័ពបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ នៅ​ទីបញ្ជាការកងវរសេនា តូចលេខ១ នៅភូមិតាឡែក ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានរាយការណ៍ថា ក្នុងការអនុវត្តចលនា​ប្រឡង​ប្រណាំងនេះ អង្គភាពកងវរសេនាតូចលេខ១ បានចិញ្ចឹមគោចំនួន៣៥ក្បាល ត្រីប្រមាណជាង៥ពាន់ក្បាល មាន់ទា ជាង២០០ ក្បាល និងបន្លែបមួយចំនួន សម្រាប់ផ្ដល់ជូនផ្ទះបាយសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃក្នុងអង្គភាព ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះមេបញ្ជាការកងវរសេនាតូចលេខ១ ព្រមទាំង​នាយ​ទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្រៅពីការងារស្នូល ការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូល​រួម​អនុវត្តនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ ,អង្គភាពកងវរសេនាតូចលេខ១ ក៏បាន​ចូល​រួមក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបានខិតខំ​យក​ចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផលចិញ្ចឹមសត្វ បង្កើនជីវភាពរស់នៅដល់កងទ័ព ដែលត្រូវហូបបាយនៅក្នុងផ្ទះបាយរួម និងបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ព ដែលរស់នៅក្នុងទីតាំងបន្ទាយ ជាមួយស្វាមីទៀតផង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមថា ដោយសារតំបន់នេះនៅក្នុងរដូវប្រាំងមានការខ្វះខាតទឹក ដូច្នេះ​ត្រូវ​ត្រៀមផ្គត់ផ្គង់ទឹកសម្រាប់កងទ័ព និងគ្រួសារកងទ័ពឱ្យបានល្អ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner