ព្រឹត្តិការណ៍ Ultra-Trail រៀបចំដើម្បីចូលរួមផ្សព្វផ្សាយលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក
(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន បានគូសបញ្ជាក់ថា Angkor Ultra-Trail គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Ultra-Trail លើពិភពលោក ដែលត្រូវបានរាជរដ្ឋាភិបាល តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រហូតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបច្ចុប្បន្ន បានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក ក៏ដូចជាផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក ។
ការថ្លែងលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តីថោងខុន សន្និសីទសារព័ត៌មាន ប្រកាសស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍ Ultra-Trail នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍ Angkor Ultra-Trail លើកទី៨ ឆ្នាំនេះ បច្ចុប្បន្នមានអ្នកចុះឈ្មោះ ១,៣៦៨នាក់ មកពី ៤៤ប្រទេសជុំវិញពិភពលោក ហើយប្រទេសចូលរួមច្រើនជាងគេ មានបារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិក ។ ប៉ុន្ដែនៅសល់រយៈពេលប្រមាណ ១០ថ្ងៃទៀត គណៈកម្មការរៀបចំរំពឹងនឹងអាចទាក់ទាញអ្នកចូលរួមកើនដល់ ១,៧០០នាក់ ឬអាចនឹងកើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំមុន ។ខណៈអ្នកចុះឈ្មោះបច្ចុប្បន្ន មានអ្នកធ្លាប់ចូលរួមមុនៗត្រឹមតែ ១២% ប៉ុណ្ណោះ ឯ៧៨% ទៀត គឺជាអ្នកថ្មី។
ឯកឧត្តម បណ្ឌិត ថោង ខុនថា នេះគឺជាចំណុចសំខាន់ ដែលជួយដល់ការផ្សព្វផ្សាយខ្លាំងណាស់ ។
ព្រឹត្តិការណ៍នេះ ជួយដល់ការផ្សព្វផ្សាយទេសចរណ៍ ពីកម្ពុជាយើង ពិសេសនៅតំបន់អង្គរខ្លាំង និង រួមចំណែកជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោកទៅខាងក្រៅ រួមចំណែកសំខាន់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។អ្វីដែលជាការទាក់ទាញ ឱ្យគេមកធ្វើព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះស្រុកទេសយើង មានន័យថា ស្រុកយើងពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ ។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ អត្តពលិករត់ចម្ងាយឆ្ងាយកម្ពុជា ក៏ព្រោះវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ជាបណ្ដោះអាសន្នមានអ្នកចុះឈ្មោះរត់ ១២១នាក់ ក្នុងនោះមានអត្តពលិកកម្ពុជា ២៥% ហើយក៏មានស្ដ្រី ៥រូប ។ ក្រៅពីនេះ កីឡាករ-កីឡាការិនីជាច្រើនទៀត បានចុះឈ្មោះរត់វិញ្ញាសាផ្សេងៗ ជាមួយអ្នកនិយមរត់បែបផ្សងព្រេង ដែលភាគច្រើនមកពីអឺរ៉ុប ដូចជាវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ