គម្រោង «មនសិការពលរដ្ឋល្អ» ត្រូវបានអនុវត្តនៅសាលារៀនចំនួនពីរក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគម្រោង មនសិការពលរដ្ឋល្អ បានឱ្យដឹងថា កម្មវិធី «មនសិការពលរដ្ឋល្អ» បង្កើតឡើងក្នុងគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានសម្រាប់ប្រទេសជាតិ ។

លោកបន្តថាគម្រោងនេះជាការបណ្តុះគំនិតច្នៃប្រឌិតលើជំនាញទន់ និងភាពជាអ្នកដឹកនាំ ។ ផ្តល់ឱកាសឱ្យយុវជនបានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គមដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

បើតាមការបញ្ជាក់របស់លោក ម៉ែន គង់ គម្រោង «មនសិការពលរដ្ឋល្អ» ជាកម្មវិធីដែលបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងកំពុងអនុវត្តនៅលើសាលាចំនួនពីរក្នុងខេត្តស្ទឹងត្រែង គឺ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង និងវិទ្យាល័យ ព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ។

សូមជម្រាបថា ខេត្តស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តចំនួន១២ដែលកំពុងអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» ៕
ដោយ៖ ដេង ម៉ាវិន



