ញូវយ៉កក្លាយជាក្រុងដំបូងគេរបស់អាមេរិក ផាករថយន្តលើផ្លូវកកស្ទះ
បរទេស៖ ទីភ្នាក់ងារព័ត៌មានធំៗ បានចេញផ្សាយថា ញូវយ៉ក បានក្លាយជាទីក្រុងដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមផាកពិន័យ ចំពោះអ្នកបើកបរយានយន្ត នៅលើដងផ្លូវកកស្ទះ ដោយគេជឿថា វិធានការថ្មីនេះ នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ បានយ៉ាងហោចណាស់ ១០ភាគរយ។
បើតាមកាសែត NHK បានចេញផ្សាយថា ការផាកពិន័យនេះ បានចាប់ផ្តើម កាលពីថ្ងៃអាទិត្យ ក្នុងនោះ អ្នកបើកបរនឹងត្រូវគិតប្រាក់ ៩ដុល្លារ ពេលស្ថិតលើផ្លូវសំខាន់ៗ ដូចជា នៅTimes Square និង Wall Street នៃតំបន់ Manhattan ជាដើម ដោយមានឧបករណ៍ស្វ័យប្រវត្តិតាមចាប់ ហើយត្រូវបានគេដំឡើង នៅលើដងផ្លូវ។ អ្នកដំណើរជិះលើតាក់ស៊ី ក៏នឹងត្រូវបង់ប្រាក់បន្ថែម ៧៥សេន ពីលើម្ចាស់ឡានតាក់ស៊ី ក្នុងពេលធ្វើដំណើរម្តងៗ ។ ចំណូលពីការផាកនឹងត្រូវបានយកប្រើប្រាស់ ដើម្បីពង្រីកផ្លូវរថយន្តក្រុង និងសេវាកម្មផ្សេងៗទៀត។
ជុំវិញការផាកពិន័យនេះ បុរសម្នាក់ដែលបានទៅទីក្រុងញូវយ៉ក ចូលរួមកម្មវិធីសន្និសិទមួយ បាននិយាយថា ការកំណត់តម្លៃកកស្ទះនេះ គឺជាគំនិតល្អ ក្នុងការព្យាយាមកំណត់បរិមាណចរាចរណ៍ និងលើកទឹកចិត្តឱ្យមនុស្សប្រើប្រាស់មធ្យោបាយធ្វើដំណើរ តាមសេវាកម្មសាធារណៈ កាន់តែច្រើន។
យ៉ាងណាក៏ដោយ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ប្រឆាំងយ៉ាងខ្លាំងចំពោះការកំណត់តម្លៃនៃការកកស្ទះ ដោយនិយាយថា ច្បាប់ថ្មីនេះ នឹងធ្វើឱ្យទីក្រុងញូវយ៉ក មានគុណវិបត្តិ ធៀបនឹងទីក្រុង និងរដ្ឋផ្សេងៗទៀត ដែលប្រកួតប្រជែងគ្នា។ លោកថា អាចនឹងលុបកម្មវិធីនេះចោលវិញ បន្ទាប់ពីចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត