មេដឹកនាំគណបក្សនយោបាយ៖ ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយ បានលើកឡើងថា មហាជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាទិវាប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរទាំងមូល ដែលកើតឡើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ឥស្សរជនស្នេហាជាតិ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាតួអង្គស្នួលមិនអាចខ្វះបាន បានក្រោកឈរឡើងរួមគ្នាដឹកនាំធ្វើការតស៊ូប្រឆាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះជាតិ មាតុភូមិ និងអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចចាកផុតពីការកាប់សម្លាប់។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដឹកនាំឥស្សរជនជាន់ខ្ពស់ដើម្បីរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងបំផុតប្រល័យជាតិសាសន៍ឯង គឺពិតជាគុណូបការៈដ៏ធំធេងណាស់ដែលប្រជាជនខ្មែរទូទាំងប្រទេសពិតជាមិនអាចបំភ្លេចគុណដ៏ធំធេងនេះបានឡើយ។ បានជាហ៊ាននិយាយដូច្នេះ ប្រជាពលរដ្ឋដែលស្ថិតជាប់នៅក្នុងរបបប្រល័យពូជសាសន៍ គឺក្តីសង្ឃឹមដែលរួចផុតពីរបបនេះសូម្បីតែបន្តិចក៏គ្មានដែរ រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។ ជាពិសេសទៅទៀតនោះ គឺការរំដោះជាតិឱ្យរួចផុតពីក្រញាំបិសាចដ៏សែនខ្មៅងងឹតនេះ ហើយដែលយើងមិនអាចបំភ្លេចបាន គឺគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីទៅរំដោះយកទឹកដីជាតិមាតុភូមិត្រឡប់មកវិញ។ ឆ្នាំ១៩៧៩ ទទួលបាននៅជ័យជម្នះដ៏ធំធេង កម្ពុជាបានរួចផុតពីនឹមដ៏ខ្មៅងងឹតហើយបានចាប់ផ្តើមបើកទំព័រសករាជថ្មី។
ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានមានប្រសាសន៍ថា ថ្ងៃទី៧ មករា ខួបលើកទី៤៦ គឺជាថ្ងៃពិសេស ពីព្រោះថ្ងៃទី៧ មករា ជាថ្ងៃកំណើតទី២ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបទាំងអស់រស់រានមានជីវិតឡើងវិញ។ បើគ្មានថ្ងៃ ៧ មករា ខ្មែរនឹងដាច់ពូជហើយ។ ថ្ងៃ ៧ មករា គឺជាថ្ងៃដែលមិនអាចបំភ្លេចបាននៃគុណបំណាចជួយជីវិតនេះ។ ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃប្រជារាស្ត្រខ្មែរគ្រប់រូប ដោយក្នុងពេលនោះ គឺមានកម្លាំងតស៊ូរបស់សម្តេចតេជោ ព្រមទាំងយុទ្ធមិត្ត និងមានកម្លាំងរបស់មិត្តវៀតណាមមកជួយផងដែរ។ ដោយសារតែថ្ងៃ ៧ មករា ហ្នឹងហើយដែលប្រទេសកម្ពុជាអាចរកឃើញសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។
ដោយឡែកឯកឧត្តម ហ៊ាង គឹមសឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនភាពដ៏ក្រៃលែង ក្នុងថ្ងៃដ៏មហានក្ខត្តឫក្ស ពោរពេញដោយក្តីសោមនស្ស រីករាយ នៃទិវាខួបអនុស្សាវរីយ៍លើកទី៤៦ នៃជ័យជម្នះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ាង គឹមសឿន បានបញ្ជាក់ថា មហាជ័យជម្នះ ៧ មករា ១៩៧៩ ជាទិវាប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរទាំងមូល ពិតជាកកើតឡើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ឥស្សរជនស្នេហាជាតិ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាតួអង្គស្នួលមិន អាចខ្វះបាន បានក្រោកឈរឡើងរួមគ្នាដឹកនាំ ធ្វើការតស៊ូប្រឆាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះជាតិ មាតុភូមិ និងអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចចាកផុតពីការកាប់សម្លាប់ ការធ្វើទារុណកម្មសព្វបែបយ៉ាងពីសំណាក់របបដ៏សែនឃោរឃៅ ព្រៃផ្សៃ នាំមកនូវសិទ្ធសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យដែលមិនអាចគណនាអស់ ទាំងនៅទីក្រុង និងជនបទជូនដល់មាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ាង គឹមសឿន បានបន្តថា វីរភាព និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងឥស្សរជនស្នេហាជាតិ យើងពិតជាត្រូវបានប្រវត្តិសាស្ត្រជាតិចារឹកទុក សម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំ និងសិក្សារៀនសូត្រ ពិសេសគោលនយោបាយ “ឈ្នះ ឈ្នះ” ដែលបានបញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរ និងខ្មែរនាំមកនូវការបង្រួបបង្រួមជាតិ សុខសន្តិភាពយ៉ាងពិតប្រាកដពេញផ្ទៃប្រទេស ធ្វើឱ្យកិត្តិនាម និងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិឡើងវិញ។
គួរបញ្ជាក់ថា ថ្ងៃ ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន៕
ដោយ៖ពលជ័យ