សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត បានបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរចាប់ផ្ដើមចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុន ស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជំនួយពីប្រទេសវៀតណាម និងការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទី បានបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ។

នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៧០ មក ដំណើរជាតិយើងមានភាព បត់បែន ស្មុគស្មាញ និងប្រកបដោយមហន្តរាយជាទីបំផុត។ បន្ទាប់ពីប្រជាជាតិយើងទទួលបានឯករាជ្យបរិបូរណ៍នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពតែ ១៦ឆ្នាំ ប៉ុណ្ណោះ។ ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួកលន់ នល់ ដែលបានដើរតាមខ្សែ ញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី ។

សម្ដេចតេជោ បានបន្តថា បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នៅថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ប្រជាជន ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយថ្មីមួយទៀតក៏បានមកដល់ភ្លាម។ ពួកប៉ុល ពត ដែលក្បត់នឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន បានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូរបស់ប្រជាជន ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។ ទឹកដីកម្ពុជាទាំងមូល បានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែក របស់ប្រជាជន។ របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជា អស់ ៣លាន ៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាច ដែលរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ ។

សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តឱ្យដឹងទៀតថា នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ ចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍បានកើតមានជាបន្តបន្ទាប់។ នៅថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណា ខ្ញុំ បានសម្រេចចាក ចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបវាលពិឃាដនេះ។ ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយ គ្នានេះ នៅក្នុងប្រទេស កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំង ប៉ុល ពត នៅ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទីបានបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុស ប្រមូលផ្តុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំ របប ប៉ុល ពត។

សម្ដេចបញ្ជាក់ថា នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជា ដែលបានរីកធំធាត់យ៉ាងរហ័ស រួមជាមួយការជួយឧបត្ថម្ភរបស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងអំណរសាទរចំពោះយុទ្ធជនរណសិរ្ស ដោយក្តីរំភើបរីករាយជាទី បំផុត។ ស្នាមញញឹម ៧មករា បានដិតជាប់ជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន» ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner