យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់
អ.ស.ប ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជាង ៣០លាននាក់ ដែលជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ កំពុងត្រូវការជំនួយជាបន្ទាន់នៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីសង្រ្គាម២០ខែ។
អង្គការសហប្រជាជាតិបានចាប់ផ្តើមធ្វើការអំពាវនាវរកមូលនិធិទំហំ ៤.២ពាន់លានដុល្លារ ដោយផ្តោតលើប្រជាជន ២០.៩លាននាក់នៅទូទាំងប្រទេសស៊ូដង់ ក្នុងចំណោមចំនួនសរុប ៣០.៤លាននាក់ ដែលខ្លួនបាននិយាយថា កំពុងប្រឈមមុខនូវអ្វីដែលគេហៅថា “វិបត្តិមនុស្សធម៌មិនធ្លាប់មានពីមុនមក”។
ប្រទេសស៊ូដង់ត្រូវបានរុញច្រានដល់គែមនៃគ្រោះទុរ្ភិក្សមិនធ្លាប់មានពីមុនមក ដោយសារតែភ្លើងសង្គ្រាមដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។
ជាលទ្ធផលនោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងជាង ៨លាននាក់បានផ្លាស់ទីលំនៅទូទាំងប្រទេស បន្ថែមពីលើចំនួន ២.៧លាននាក់ដែលបានផ្លាស់ទីលំនៅមុនពេលផ្ទុះសង្រ្គាម ដោយធ្វើឱ្យស៊ូដង់ក្លាយជាប្រទេសមានវិបត្តិជនភៀសខ្លួនផ្ទៃក្នុងដ៏ធំបំផុតរបស់ពិភពលោក។
គ្រោះទុរភិក្សត្រូវបានប្រកាសកើតមានរួចហើយនៅក្នុងតំបន់ចំនួន៥ក្នុងប្រទេសស៊ូដង់ ហើយត្រូវបានរំពឹងថា នឹងរីករាលដាលដល់តំបន់ចំនួន ៥បន្ថែមទៀតនៅខែឧសភាខាងមុខ ដោយមនុស្សចំនួន ៨.១លាននាក់នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងគែមនៃភាពស្រែកឃ្លានធ្ងន់ធ្ងរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា