អង្គភាពប្រឆាំងអំពើពុករលួយ ៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរៀងរាល់ ២ឆ្នាំម្តង ចាប់ពីដើមខែមករា ដោយមិនឱ្យហួសថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖បើទោះបីថ្ងៃរម្លឹកខួប ៤៦ឆ្នាំ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (១៩៧៩-២០២៥) ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅតែបន្តជាធម្មតា និងមានរយៈពេលពេញមួយខែ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ប្រភពខាងលើនេះបានឱ្យដឹងថា៖បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១២៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលបានកើនទៅដល់ ចំនួន ១៣,៩៧៩ រូប ស្មើនឹង ៦១.៤៦% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប។
គួរបញ្ជាក់ថា ៖ ពេញមួយខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ នៅថ្ងៃណាក៏បាន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យឡើយ៕






ដោយ ៖ ម៉ាដេប៉ូ