ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈ
កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈនៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងពិធីអបអរសាទរខួបទី៤៦នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ -៧ មករា ឆ្នាំ២០២៥នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំឭកអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនអាចបំភ្លេចបាន ហើយថែមទាំងប្រសិទ្ធនាមថាជាថ្ងៃកំណើតទី២របស់ពួកគាត់ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម។
ឯកឧត្តមបានលើកឡើងបន្ថែមថា៧មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ហើយបើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិពីសំណាក់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំនៃកម្លាំងពីទិសនានា មុននឹងបង្កើតបានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
ជាមួយនោះឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារចុះជួយ ក៏បានបញ្ជាក់បន្ថែមទៀតថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្តមួយដែលមិនអាចប្រកែកបាន។ក្នុងនាមយើងខ្ញុំជាយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេងនៃថ្ងៃ ៧មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗដូចសព្វថ្ងៃនេះហើយថ្ងៃ ៧មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ៕
ដោយ៖ម៉ុន សំអាត