ខេត្តរតនគិរីប្រារព្ធខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ ៧មករា

អត្ថបទដោយ៖
គតិ យុត្ត

រតនគិរី៖រដ្ឋបាលខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យ​ជម្នះ ៧ មករា(៧ មករា ១៩៧៩ – ៧ មករា ២០២៥)តនៅលើបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រោម​អធិបតី​ភាព​ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត,ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សា​ខេត្ត,ឯកឧត្តមគិត ទ្រី តំណាង​រាស្រ្តមណ្ឌលខេត្តរតនគិរី,ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា, សមាជិក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ។

ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងពី​អត្ថន័យថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់​ប្រជាជនកម្ពុជា ។បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ ។នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះ​បានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាព​អង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។

ឯកឧត្តមបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

តាមរយៈនៃអង្គមីទ្ទីងឯកឧត្តម ញ៉ែមសំអឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជា​ទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវ​ប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជម្នះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្ស៕
ដោយ៖គតិ យុត្ត

ads banner