អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ ប្រាសាទអង្គរវត្ត
(សៀមរាប)៖ រចនាសម្ព័ន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត ១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលអស់រយៈពេល ៥ខែមក ។
កាលពីមុនពេលជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើត បានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំង របស់បណ្ណាល័យ ក៏ហែកចេញពីគ្នា ខុសពីសភាពដើម ព្រមទាំងធ្វើឲ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង ។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុល បណ្ណាល័យខាងត្បូង បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ណាល័យខាងត្បួង នៅរួតទី២ នៃប្រាសាទអង្គរវត្ត បានជួសជុលពង្រឹងរចនាសម្ព័ន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ ដោយក្រុមអ្នកជំនាញ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្ន ការងារនេះ បានទទួល ជោគជ័យ និងបញ្ចប់ជាស្ថាពរ ។
លោក ឃាម មុនី បញ្ជាក់ថា ក្រុមការងារ ដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍ គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ ។ ការជួសជុល បានដាក់ថ្មថ្មីមួយចំនួន ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ របស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារ កុំឲ្យងាកក្រៀកបន្តទៅទៀត ។ ចំពោះសសរចាស់មួយចំនួន នៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល ១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុង ដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឲ្យជួយពង្រឹង រចនាសម្ព័ន្ធដំបូល ជញ្ជាំង និងកម្រាល ដែលបានហែកចេញពីគ្នា។
លោកបន្តថា កាលពីអំឡុងខែធ្នូ កន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ នៃប្រាសាទអង្គរវត្ត និងបានកោតសរសើរ ដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រឹមត្រូវ ដែលធ្វើឲ្យបណ្ណាល័យនេះ មានភាពរឹងមាំ និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប ដែលតែងតែចេញ-ចូល ក្នុងការទស្សនា ៕
ដោយ ៖ វណ្ណលុក