កិច្ចប្រជុំបូកសរុបករងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

(រតនគិរី)៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ចូលរួម កិច្ចប្រជុំបូកសរុបការងារ​ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សាខាកាកបាទ​ក្រហមកម្ពុជាខេត្តរតនគិរី ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសា​លា​ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិ​ការ​សាខា អនុសាខាក្រុងស្រុក នា​យក និង មន្ត្រីក្រុមប្រតិបត្តិជាច្រើនរូបទៀត​។

កិច្ចប្រជុំមានរបៀបវារៈសំខាន់មួយចំនួនរួមមាន៖ – បទបង្ហាញ របាយ​ការណ៍ បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈ ពេល១២ខែ ឆ្នាំ ២០២៤ ដោយនាយកសាខា។- ឆ្លង និង អនុម័តផែនការសកម្មភាព និង ថវិកា ២០២៥។ – ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈ កម្មាធិការសាខា។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មា​ធិការ​សាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ

ថ្នាក់ដឹកនាំគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង ស្រុក ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា អនុសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រួមមាន ៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិ​ភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាពនិងការថែទាំសុខភាព​ក្នុង​សហគមន៍ ៣​-ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌​និង​វប្បធម៌​អហិង្សា និង ៤-ការអភិវឌ្ឍស្ថាប័នរយៈពេលពេញ១ឆ្នាំ២០២៤​កន្លងទៅ ក្នុងស្ថានភាពដែលកម្ពុជារក្សាបានរឹងមាំនូវសន្តិភាពស្ថិរភាព​នយោបាយ​សន្តិ​សុខសណ្តាប់សាធារណៈនិងសុវត្ថិភាពសង្គម បានបង្កលក្ខណៈ​អនុគ្រោះ​អោយសាខាអនុសាខាម្ចាស់ការ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌រហូត​សម្រេច​បានលទ្ធផល គួរជាទីមោទនភាព។

ពិសេសការជំរុញសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ -ការអប់រំទប់ស្កាត់ឆ្ពោះទៅ​បញ្ចប់​ជម្ងឺអេដស៍- ការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់​ថង់​ប្លា​ស្ទិក​- ការបណ្តុះបណ្តាលជាមូលដ្ឋាន និង វិជ្ជាសង្រ្គោះបឋម ដល់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយ​សង្រ្គោះ​ផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” កាកបាទក្រហមកម្ពុជា
មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម ញ៉ែម សំអឿន បានក្រើនរំលឹក និងជំរុញ អំពីការងារមួយចំនួន​សម្រាប់​អនុវត្តបន្ត ពិសេស ត្រូវត្រៀមគ្រប់លក្ខណៈ ទាំងកម្លាំង មធ្យោបាយ ស្បៀង សម្ភារៈ ទាំង ថវិកា សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ​បានភ្លាមៗទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយ​ការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយ​រងគ្រោះ​បានច្រើ​នជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញ​នៅមូលដ្ឋានឲ្យកាន់តែរឹងមាំដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍-បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីការលើកកម្ពស់សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ៗ រួមជាមួយ ការខិតខំ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ការពង្រឹងសមត្ថភាព ជូនមន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តន៍វិស័យអាទិភាពទាំង ៤ តាមយុទ្ធសាស្ត្រ ២០២១- ២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការ​គ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ទាំងថ្នាក់សាខា និង អនុសាខា រួមជាមួយការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព ៕

ដោយ ៖ គតិ យុត្ត

ads banner