សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ»

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអភិវឌ្ឍន៍ជនបទ សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ» នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ស្របតាមអនុលោមស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលការណ៍ណែនាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំអនុវត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំប្រឹងប្រែងវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ដោយបានពិនិត្យនូវរាល់ឯកសារគតិយុត្ត និងភារកិច្ចអនុវត្តជាក់ស្តែងចាប់តាំងពីក្រសួងកកើតរហូតមកដល់ពេលបច្ចុប្បន្ន ។

ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់នូវសេចក្តីព្រាងឯកសារពាក់ព័ន្ធតាមគោលការណ៍ណែនាំ រួមមាន ៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែលត្រូវផ្ទេរចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និងការផ្តល់សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

សិក្ខាសាលានេះ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំដែលជាប្រធានស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣ រួមមាន ៖ (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។

គួរបញ្ជាក់ថា ដើម្បីជាមូលដ្ឋាននៃការអនុវត្តវិធានគន្លឹះទី២ ពោលគឺការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចេញសេចក្ដីណែនាំលេខ០១ សណន. ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ដីពីការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងសារាចរស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីសម្រេចលេខ១៧០៣/២៤ មស.សសរ. ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសចំនួន១២ក្រុមដើម្បីគាំទ្រដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន តាមរយៈការបែងចែកជា៤វិស័យ គឺ វិស័យរដ្ឋបាល វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច និងវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner