ឯកឧត្តម វ៉ាត់ ចំរើន ៖ វគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី បានថ្លែង ក្រោយបញ្ចប់វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ថា សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១នេះ បានរៀបចំជាពិសេស សម្រាប់សិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុន ដើម្បីទទួលយកចំណេះដឹង និងបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី តាមសមាគម/ក្លិប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដែលមិនត្រឹមដាក់ចេញនូវការប្រកួតដណ្ដើមពានរង្វាន់ តែសម្ដេចក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផងដែរ។
ឯកឧត្តមថា វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ រយៈពេល៣ថ្ងៃ ដែលរៀបចំឡើងនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ។
ឯកឧត្តម បានគូសបញ្ជាក់ថា វគ្គនេះ ទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា អ្វីដែលយើងខិតខំប្រឹងប្រែងក្នុងបណ្ដុះបណ្ដាលនេះ គឺធ្វើយ៉ាងណាឲ្យលោកគ្រូទាំងអស់គាត់មានសាមគ្គីភាពផ្ទៃក្នុងល្អ ឲ្យគាត់ចេះស្រលាញ់ក្បាច់គុនយុទ្ធគុនរបស់ដូនតាទាំងអស់គ្នា ហើយបន្ដការថែរក្សានូវមរតកក្បាច់គុននេះឲ្យបានយូរអង្វែង សម្រាប់ចែកជូនកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ ដែលជាគោលការណ៍រួម ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ដ្រី។
សូមបញ្ជាក់ថា ការសិក្សារយៈពេល ៣ថ្ងៃកន្លងមក ដែលទទួលបានគោលការណ៍រៀបចំពីសម្ដេចមហាបវរធិបតី គឺបានបញ្ចប់ដោយជោគជ័យ ។ គ្រូបង្វឹកដែលបានចូលរួមវគ្គសិក្ខាសាលានេះ និងបន្ដតាមដានរាល់សកម្មភាពទាំងអស់ ដែលយកទៅបង្ហាត់សិស្ស តើទទួលបានលទ្ធផលយ៉ាងណា។ ហើយនៅខែសីហា នឹងមានរៀបចំវគ្គគ្រូបង្វឹកម្ដងទៀត ដែលយើងត្រូវាយតម្លៃជាថ្មី ទៅលើការយកទៅអនុវត្តរបស់ពួកគាត់ តើមានលទ្ធផលយ៉ាងណា មុនការប្រកួតពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៥ ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ