អ៊ីរ៉ង់សម្ញែងយន្តហោះដ្រូនពិឃាតជាង ១ពាន់គ្រឿងសម្លុតសត្រូវ
តេហេរ៉ង់ ៖ រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានតាំងបង្ហាញ និងប្រគល់យន្តហោះគ្មានមនុស្សបើក ឬហៅកាត់ថា ដ្រូន ដែលផលិតក្នុងស្រុកចំនួន ១,០០០គ្រឿងទៅដល់កងទ័ពរបស់ខ្លួន ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក (UAVs) ដែលអភវិឌ្ឍ និងផលិតឡើងដោយក្រសួងការពារជាតិអ៊ីរ៉ង់ចំនួន ១,០០០គ្រឿង ត្រូវបានចែកចាយទៅដល់ដៃអង្គភាពប្រយុទ្ធនៅទូទាំងតំបន់ផ្សេងៗនៃប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បាននិយាយថា យន្តហោះដ្រូនទាំងនេះ នឹងពង្រឹងសមត្ថភាពរបស់អ៊ីរ៉ង់នៅលើមេឃ និង ការវាយលុកដ៏ខ្លាំងក្លាប្រឆាំងសត្រូវនៅពេលចាំបាច់។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA យន្តហោះដ្រូនទាំងនេះអាចធ្វើប្រតិបត្តិការលើសពីចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយត្រូវបានបំពាក់ដោយមុខងារទំនើបៗ រួមទាំងថាមពលបំផ្លិចបំផ្លាញកម្រិតខ្ពស់ និងអាចធ្វើប្រតិបត្តិការស្វ័យប្រវត្តិដោយគ្មានការគ្រប់គ្រងខាងក្រៅ។
យន្តហោះដ្រូនទាំងនេះត្រូវបានបម្រុងទុកសម្រាប់បេសកកម្មពិសេស ហើយត្រូវបានរំពឹងថា នឹងបង្កើនសមត្ថភាពរបស់យោធាអ៊ីរ៉ង់ សម្រាប់ប្រតិបត្តិការឈ្លបយកការណ៍, ការឃ្លាំមើលព្រំដែន និងការប្រយុទ្ធជាមួយសត្រូវ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា