អាមេរិកគ្រោងដកគុយបាចេញពីរដ្ឋឧប្ថម្ភភេរវករ បន្ទាប់ពីលឺថា ដោះលែងអ្នកទោស ៥០០នាក់

បរទេស៖ បន្ទាប់ពីប្រទេសគុយបា បានប្រកាសថា នឹងដោះលែងអ្នកទោស ជាង៥០០នាក់ សហរដ្ឋអាមេរិកនឹងដកប្រទេសជាកោះមួយនេះ ចេញពីបញ្ជី «រដ្ឋឧបត្ថម្ភក្រុមភេរវករ» នេះបើតាមរដ្ឋបាលលោកប្រធានាធិបតី Joe Biden ប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារ ចេញផ្សាយដោយកាសែត CNN។

គុយបាបានតស៊ូមតិថ្នាក់ជាតិ ទាមទារឲ្យអាមេរិកដកចេញ ពេញមួយអាណត្តិរបស់លោក Biden។ ជាក់ស្តែង កាលពីខែធ្នូ ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ជាមួយអតីតមេដឹកនាំគុយបា លោក Raúl Castro បានដឹកនាំប្រជាជនគុយបា រាប់ម៉ឺននាក់ បានជួបជុំគ្នា នៅមុខស្ថានទូតអាមេរិក ក្នុងទីក្រុង Havana អំពាវនាវឱ្យដកប្រទេសគុយបា ចេញពីបញ្ជីឈ្មោះភេរវកម្ម។

ការផ្លាស់ប្តូរចុងក្រោយនេះ ក៏បានកើតមានឡើង ក្រោយពេលដែល ប្រធានាធិបតីគុយបា បានផ្ញើសារ ទៅកាន់សម្តេចប៉ាប Francis កាលពីខែមករា ឆ្នាំ២០២៥ថា អ្នកទោសចំនួន ៥៥៣នាក់ នឹងត្រូវបានដោះលែង ពីពន្ធនាគារគុយបា។

ក្រសួងការបរទេសគុយបា កាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ការសម្រេចចិត្តនេះ នឹងបន្ធូរបន្ថយបញ្ហាជាច្រើន ដែលបានធ្វើឱ្យខូចសេដ្ឋកិច្ចគុយបា យ៉ាងធ្ងន់ធ្ងរ ជាពិសេស ប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយ៉ាងខ្លាំង កន្លងមកនេះ ហើយគុយបា ក៏រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ជាង៦០ឆ្នាំ មកហើយដែរ។

គួរបញ្ជាក់ថា គុយបាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៤ ដែលត្រូវបានអាមេរិកចាត់តាំង ជារដ្ឋឧបត្ថម្ភដល់អំពើភេរវកម្ម រួមជាមួយនឹង កូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី។ អាមេរិកបានផ្តល់ចំណាត់ថ្នាក់នេះ ដល់គុយបា តាំងពីឆ្នាំ២០២១ ដោយពេលនោះ អាមេរិកចោទគុយបាថា ផ្តល់កំពង់ផែដល់ភេរវករអន្តរជាតិ ពោលគឺបន្ទាប់ពីបដិសេធ មិនធ្វើបត្យាប័ន មេដឹកនាំអង្គការទ័ពព្រៃរបស់កូឡុំប៊ី នេះបើតាម CNN ដដែល។

យ៉ាងណាមិញ ការបន្ធូរបន្ថយ ដែលអាចជាការស្តារទំនាក់ទំនងអាមេរិកនិងគុយបា ឡើងវិញនេះ បានកើតមានឡើង នៅប៉ុន្មានថ្ងៃ មុនពេលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយ លោក Trump គឺជាអ្នករិះគន់ គុយបា ដ៏ខ្លាំងក្លា ចាប់តាំងពីពេលលោកធ្វើជាប្រធានាធិបតី អាណត្តិដំបូង។ នៅអាណត្តិថ្មីនេះ លោកបានប្តេជ្ញាថា នឹងមានវិធានការតឹងរឹងបន្ថែមទៀត លើប្រទេសកុម្មុយនិស្ត មួយនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner