រ៉ុក្តែត SpaceX បញ្ជូនយានអវកាសពីរគ្រឿងព្រមគ្នាទៅចុះចតឋានព្រះចន្ទ
វ៉ាស៊ីនតោន ៖ យានអវកាសចំនួនពីរគ្រឿងរបស់ក្រុមហ៊ុនឯកជននៅសហរដ្ឋអាមេរិក និងជប៉ុន បានចាកចេញពីផែនដីឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ដែលនេះជាផ្នែកមួយនៃការរុករកនៅលើផ្ទៃឋានព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

រ៉ុក្តែត Falcon 9 របស់ SpaceX បានហោះបោះពួយតម្រង់ទៅរកឋានព្រះចន្ទ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៅម៉ោង ១និង៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយវាបានពាំនាំយកយានអវកាសចំនួនពីរគ្រឿងទៅចុះចតនៅឋានព្រះចន្ទ។ ក្នុងនោះយាន Blue Ghost ជាកម្មសិទ្ធិក្រុមហ៊ុន Firefly Aerospace របស់អាមេរិក និងយាន Resilienceជាកម្មសិទ្ធិក្រុមហ៊ុន ispace 9348.T របស់ជប៉ុន។

បើតាមផែនការគ្រោងទុក យាន Resilience របស់ក្រុមហ៊ុន ispace នឹងធ្វើដំណើរដល់ផ្ទៃព្រះចន្ទនៅអំឡុងខែឧសភា និងខែមិថុនាខាងមុខនេះ ខណៈដែលយាន Blue Ghost របស់ក្រុមហ៊ុន Firefly មានបំណងទៅដល់ឋានព្រះចន្ទនៅរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីការបាញ់បង្ហោះចេញពីផែនដី។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន SpaceX បានឱ្យដឹងថា បេសសកម្មនៃយានអវកាសទាំងពីរ គឺធ្វើការហ្វឹកហាត់ប្រមូលសំណាក ឬដុំថ្ម និងប្រើប្រាស់កាំរស្មីអ៊ិចដើម្បីកិច្ចការស្រាវជ្រាវ មុនពេលចាប់ផ្តើមបេសកកម្មរបស់មនុស្សនៅលើឋានព្រះចន្ទនាពេលអនាគត និងផ្តល់ការយល់ដឹងអំពីរបៀបដែលអាកាសធាតុក្នុងលំហមានឥទ្ធិពលមកលើភពផែនដី៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
