ឧត្តមសេនីយ៍ឯក ស្រី ឌឹក ៖ កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ
(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា ក្នុងនាមយើងជាកងទ័ព ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក លើកឡើងបែបនេះ នៅក្នុងឱកាសចុះត្រួតពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាម នៃអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៩១ ចំណុះឱ្យទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម បានបន្តថា ពេលប្អូនៗកូនក្មួយវិលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹង ដែលបានសិក្សារៀនសូត្រ ពីសាលាហ្វឹកហ្វឺន ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងជាគម្រូ ក្នុងការបំពេញភារកិច្ចសម្រេបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ឲ្យបានម៉ឺងម៉ាត់។ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ត្រូវយកចិត្តទុក ដាក់ហ្វឹកហាត់ នូវចំណេះទាំងនោះឲ្យស្ទាត់ជំនាញ និងមានគុណភាពខ្ពស់។
ជាពិសេសមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីអភិរក្សរក្សាស្នាដៃកេរ្ត៍ដំណែន របស់បុព្វបុរស នៃយើងដែលបានចងក្រង និងបន្សន់ទុក ឲ្យបានគង់វង់ ទោះបច្ចុប្បន្បកំពុងស្ថិតក្នុងសម័យបច្ចេកទេសអាវុធយុទ្ធភ័ណ្ឌទំនើបក៏ដោយ និងដើម្បីចូលរួមប្រលងប្រណាំងថ្នាក់ជាតិបង្កើនស្នាដៃជូនអង្គភាពនាថ្ងៃអនាគតផងដែរ ៕






ដោយ ៖ សួន ៖ លីណា