ឯកឧត្តម ឈាង រ៉ា ៖ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល
(ភ្នំពេញ)៖ បរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និង សូមបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគឈាម ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។
នេះជាប្រសាសន៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈអញ្ជើញ ពិនិត្យការបម្រើសេវាសុខាភិបាល និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និង បងប្អូនប្រជាពលរដ្ឋអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម ត្រូវបង្កើនសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា ។
ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសូមលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងសកម្មភាពប្រមូល និងផ្គត់ផ្គង់ឈាម ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ










