ឯកឧត្តម ជៀង អំ ណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម
(ខេត្តរតនគិរី)៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបានគ្រប់សកម្មភាព និងទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាម ចលាចល និងវឹកវរនៅក្នុងសង្គម ។
នេះប្រសាសន៍ណែនាំរបស់ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តរតនគិរី ។
អភិបាលខេត្តរតនគិរី ឯកឧត្ដម ញ៉ែម សំអឿន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចអង្គសន្និបាតទាំងមូល នឹងប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ។
ឯកឧត្តម ជៀង អំ មានប្រសាសន៍ថា បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃខេត្តរតនគិរី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដែលមានកត់ត្រានៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី ៕
ដោយ ៖ ឡុង សំបូរ









