ឆ្នាំ២០២៤៖បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្រប​ច្បាប់​និងសុវត្ថិភាពសម្រាប់អនុវត្តការងារ នៅអង្គភាពសារព័ត៌មានចំនួន ១ ៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦

ភ្នំពេញ៖រំលឹកទៅឆ្នាំ២០២៤ទើបកន្លងទៅថ្មីៗនេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ព័ត៌មាន​បានបញ្ជាក់ថា ​អ្នក​សារព័ត៌មាន​ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួនជាង ៨ពាន់ នាក់ បាន និង​កំពុង​បំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាព​នៅទូទាំងប្រទេស ដោយ​ឈរលើមូលដ្ឋាន​ក្រមសីល​ធម៌ និងវិជ្ជាជីវៈ​សារព័ត៌មាន​។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំ​សណ្តាប់​​ធ្នាប់​ក្នុងវិស័យ​សារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់​ក្រសួង​ព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ បានឆ្លើយទៅនឹងសំណួរជុំវិញការអនុវត្តការងារ​និងសណ្តាប់ធ្នាប់ របស់អ្នកសារព័ត៌មាន​នៅ​មូលដ្ឋានក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ទៀតថា ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណ​របស់​អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើ​បណ្ណសម្គាល់អ្នកសារព័ត៌មាននោះដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន។

ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមទៀតថា«នេះជាប្រព័ន្ធការពារ និងធានា​សុវត្ថិភាព​ទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មាន​ដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួម​ចំណែក​ក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ក្នុងក្របខ័ណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មាន​បានកំណត់ ឱ្យមានការផ្តល់ការបណ្តុះ​បណ្តាល​ស្តីពីធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹង​ទទួលបានបណ្ណសម្គាល់​អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្ត​ការងារ​ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន​បានមើលឃើញលំហសេរីភាព​សារព័ត៌មាននៅ​កម្ពុជាមានភាពរីកចម្រើនធំធាត់ និងថែមបានទទួលស្គាល់ថា ក្នុងឆ្នាំ២០២៤ សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន​មាន​​ភាពប្រសើរ​ឡើង។ អ្នកសារព័ត៌មាន តួអង្គរដ្ឋ និងឯកជន បានវាយតម្លៃ​ស្ថានភាពនៃវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងឆ្នាំ២០២៤ ថាមានភាព​ល្អប្រសើរ ដោយវិស័យនេះបាន និងកំពុងបោះជំហានទៅមុខជាវិជ្ជមានស្របនឹង​ការរីកចម្រើន​ក្នុងសង្គម។

នៅក្នុងឱកាសសិក្ខាសាលានោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់អនុសាសន៍ដល់មន្ទីរព័ត៌មាន​ក្នុង​រាជធានី ខេត្តទាំងអស់ ឱ្យដាក់​បញ្ចូលជំនួបរវាងមន្ទីរជាមួយអ្នកសារព័ត៌មានពីក្នុងមូលដ្ឋានរបស់ខ្លួន ជាសកម្មភាពមួយ​ក្នុងផែនការការងាររបស់មន្ទីរ ដើម្បីផ្សព្វផ្សាយអំពីធម្មនុញ្ញ​វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងប្រើប្រាស់ជាច្រកផ្តល់ព័ត៌មានជូន​អ្នកសារព័ត៌មាន​អំពីប្រធានបទ និងព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតឡើងក្នុងមូលដ្ឋាន​រាជធានី​ខេត្តរបស់ខ្លួន។ កិច្ចការ​នេះ​ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង​បន្ថែមនូវទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន សម្រាប់មន្ទីរព័ត៌មានក្នុងនាមជា​សេនា​ធិការរបស់រដ្ឋបាលរាជធានីខេត្ត។ វាក៏ជាមធ្យោបាយមួយរួម​ចំណែក​ធានាលំហូព័ត៌មានជាប្រចាំ ក្នុងចំណោមប្រតិបត្តិករ​វិស័យសារព័ត៌មាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកសារព័ត៌មាន ជាមួយប្រភពព័ត៌មាន​រាប់បញ្ចូលទាំងរដ្ឋបាល​រាជធានីខេត្ត អាជ្ញាធរ និងអង្គភាពជំនាញ។

អ្នកនាំពាក្យក្រសួងព័ត៌មានដដែល ក៏បានឆ្លៀតយកឱកាស​សិក្ខាសាលា​នាពេលនោះ ដើម្បីអំពាវនាវដល់អ្នកសារព័ត៌មាន​ទាំងអស់ ឱ្យចូលរួម​លើកកម្ពស់គុណតម្លៃនិងរក្សាភាពថ្លៃថ្នូរក្នុងអាជីពសារព័ត៌មាន ដោយ​ត្រូវអនុវត្តការងារដោយគោរពសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួន​ជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ហើយដោយអនុលោមតាមច្បាប់និង​លិខិតបទដ្ឋាន​ជាធរមាន ដើម្បីបន្តធានាសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រម​សីលធម៌វិជ្ជាជីវៈក្នុងការងារ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner