លោក ត្រាំ និងលោក ស៊ី ជជែកគ្នាលើកដំបូងក្នុងពេល ៤ឆ្នាំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីឆ្នាំ ២០២១ ពោលគឺក្នុងរយៈពេល ៤ឆ្នាំ។

មេដឹកនាំទាំងពីរត្រូវបានសារព័ត៌មាន RT រាយការណ៍ថា បានធ្វើកិច្ចពិភាក្សាគ្នា អំពីបញ្ហាពាណិជ្ជកម្ម, ថ្នាំញៀនប្រភេទ Fentanyl និងការលក់ ឬបិទ TikTok។ លោក ត្រាំ បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្ញុំទើបតែបាននិយាយទៅកាន់ប្រមុខរដ្ឋ ស៊ី ជីនពីង នៃប្រទេសចិន ហើយថា ការសន្ទនាទូរស័ព្ទនេះ គឺល្អណាស់សម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក។

លោក ត្រាំ បន្ថែមថា វាជាការរំពឹងទុករបស់ខ្ញុំ ដែលថា យើងនឹងអាចដោះស្រាយបញ្ហាជាច្រើនរួមគ្នាបាន ហើយចាប់ផ្តើមភ្លាមៗ… ដោយពួកយើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម, ថ្នាំញៀន Fentanyl, កម្មវិធី TikTok និងបញ្ហាជាច្រើនទៀត។ លោកប្រធានាធិបតី ស៊ី និងខ្ញុំ នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាព និងសុវត្ថិភាព។

សូមបញ្ជាក់ថា លោក ត្រាំ និងលោក ស៊ី មិនបានជជែកគ្នាចាប់តាំងពីចុងបញ្ចប់នៃអាណត្តិដំបូងរបស់លោក ត្រាំ ក្នុងឆ្នាំ ២០២១។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង ក្នុងអំឡុងពេលលោក ត្រាំ កាន់អំណាចក្នុងអាណត្តិដំបូងនៅសេតវិមាន ដោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei និងបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner