គណៈកម្មាធិការគណបក្សខេត្តកំពតដាក់ការងារសំខាន់ៗដល់យុវជនគណបក្ស
កំពត៖ឯកឧត្តមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបញ្ជាក់ថា គណៈកម្មាធិការគណបក្សខេត្តកំពតបានដាក់ការងារសំខាន់ៗមួយចំនួន ដល់សមាជិកសមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត ក្រុងស្រុក ឃុំសង្គាត់ អនុវត្តដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន តទៅថ្ងៃអនាគត។
មានប្រសាសន៍នៅក្នុងក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្តកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥លោក ដួង សាវណ្ណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានណែនាំសមាជិកសមាជិកាទាំងអស់ ដែលទទួលបាននូវភារកិច្ចថ្មីតាមសេចក្តីសម្រេច អនុវត្តសកម្មភាពសំខាន់មួយចំនួន។ក្នុងនេះមានដូចជា ត្រូវបង្កើនការអប់រំ និងបំពាក់បំប៉ន សមាជិក សមាជិកា របស់យុវជនគណបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែក និងបង្កើនការត្រួតពិនិត្យ ការអនុវត្តគោលការណ៍ ផែនការ ដែលគណបក្សប្រជាជន បានដាក់ចុះសំដៅលើកកម្ពស់ស្មារតី ទទួលខុសត្រូវរបស់យុវជននិងប្រសិទ្ធភាពការងារ។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ និងវាយបកឱ្យទាន់ពេលវេលា ចំពោះ រាល់ព័ត៌ មានប្រឌិតព័ត៌មានក្លែងក្លាយ នៃពួកអគតិពួកទាំងក្នុង និងក្រៅប្រទេស។លើកកម្ពស់មនសិការស្នេហាជាតិ ត្រូវមានវិន័យត្រឹមត្រូវ ដោយប្រកាន់ជំហរក្នុងការអនុវត្ត របបសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ថែរក្សាធ្លុងសាមគ្គីឯកភាពជាដើម។
លោក ពេញ ធារម្យ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពតបានឲ្យដឹងថា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារយុវជនគណបក្សមូលដ្ឋានស្រុក-ក្រុង ឃុំ-សង្កាត់ ដោយបានចូលរួមសកម្មភាពសប្បុរសធម៌ ព្រមទាំងបានសួរសុខទុក្ខស្ត្រីដែលក្រីក្រ សម្រាលកូននៅតាមមូលដ្ឋាន បានរៀបចំក្រុមយុវជនគណបក្សទៅតាមផែន ដើម្បីទទួលខុសត្រូវផ្នែក និងបានធ្វើសកម្មភាពនានាជួយដល់សង្គមសរុបចំនួន៧៩៦លើក ចំណាយថវិកាសរុបអស់ចំនួន ១០៣.៩១៤.៧០០រៀល និង២.៦៨០ដុល្លារ៕
ដោយ៖ សិលា សារិន