ខេត្តកំពត សម្រេចបានសមិទ្ធផលជាច្រើននៅឆ្នាំ២០២៤ ហើយឆ្នាំ២០២៥ រដ្ឋបាលខេត្ត នឹងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត
(ខេត្តកំពត)៖ អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅឆ្នាំ២០២៤កន្លងមកនេះ ទន្ទឹមនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ និងមានជីវភាពធូរធារ រដ្ឋបាលខេត្តកំពត ក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនទៀត។ ហើយនៅឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងបន្តខិតខំធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នៅព្រឺកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត ដោយមានការណែនាំសម្របសម្រួល តម្រង់ទិស ពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការចូលរួមសហការពីបណ្តាមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត ធ្វើឲ្យខេត្តសម្រេចបាននូវសមិទ្ធផលល្អគួរឲ្យកក់សំគាល់។
យ៉ាងណាក៏ដោយ ខេត្តក៏នៅតែមានចំណុចត្រូវកែលម្អ ឲ្យស្របទៅតាមសម័យកាល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។ ហេតុដូច្នេះហើយសន្និបាទត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញ នូវបណ្តាសមិទ្ធផលដែលសម្រេចបាន និងស្វែងរកបញ្ហាប្រឈមនានា ដែលបានអនុវត្តរយៈពេល១២ខែកន្លងមក ព្រមទាំងកំណត់ទិសដៅការងារបន្ត ស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត៕





ដោយ ៖ សិលា សារិន