នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី
រតនគិរី៖នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការនិងក្រុមជំនាញ បានអញ្ជើញពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម អមដំណើរដោយលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ។
នៅក្នុងដំណើរត្រួតពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពផ្លូវ វឌ្ឍនភាពនៃការសាងសង់ និងបញ្ហាដែលកំពុងប្រឈម។ ឯកឧត្តម ខ្វាន់ ស៊ាម បានពិភាក្សាបន្ថែមជាមួយក្រុមជំនាញកងឯកភាពទទួលខុសត្រូវ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការកំណត់ពេលវេលាសម្រេចរបស់គម្រោង និងការដោះស្រាយបញ្ហាប្រឈមនានា ធានាបានថាការងារអនុវត្តត្រឹមត្រូវតាមពេលវេលាកំណត់។
ឯកឧត្តម ខ្វាន់ ស៊ាម បានណែនាំដល់អ្នកអនុវត្តថា សំណង់ផ្លូវ និងសំណង់សិល្បៈការសំណង់មុខទឹកផ្សេងៗទាំងអស់គោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឱ្យរាល់សំណង់ ត្រូវមានសោភណភាព មានគុណភាពរឹងមាំ និងសម្រេចបានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលប្រគល់ឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមថា សមិទ្ធផលផ្លូវនេះ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធព្រំដែនទេ តែជាសរសៃឈាមសំខាន់មួយក្នុងការការពារព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ៕
ដោយ៖គតិ យុត្ត