រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអញ្ជើញចូលរួមប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តរតនគិរី
រតនគិរី៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការខេត្តរតនគិរី។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
បន្ទាប់ពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ធ្វើសេចក្តីរាយការណ៍ សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរួច។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះបានកើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តរតនគិរី ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនេះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងលោកជំទាវ ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជនមានពិការភាពចំនួន៥០នាក់ និងសួរសុខទុក្ខ ភូមិកុមារSOS នៅក្នុងសង្កាត់កាចាញ ក្រុងបានលុងព្រមទាំងផ្តល់អំណោយមួយជាស្បៀង និងថវិកាមួយចំនួន៕
ដោយ៖ គតិ យុត្ត




